ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ស្នើសុំ​JETRO កៀរគរ​ក្រុមហ៊ុន​ជប៉ុន នៅ​ប្រទេសជិតខាង ពិចារណា​ពង្រីក​អាជីវកម្ម​របស់ខ្លួន​មក​កម្ពុជា​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Nobuhiko Sasaki ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ JETRO និង​សហការី ដើម្បី​ជំរុញ​បរិយាកាស​ធុរកិច្ច​និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​ប្រសើ​ឡើង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​បាន​លើកទឹកចិត្ត​ឱ្យ JETRO បន្ត​ចូលរួម​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​ឱ្យ​កាន់តែច្រើន និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​គាំទ្រ​ដល់​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ជាពិសេស​ការរៀបចំ​ពិព័រណ៍ និង​លក់​ផលិតផល​ខ្មែរ​នៅ​ទីផ្សារ​ជប៉ុន​។​

​បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​សុំឱ្យ JETRO សហការ​ចូលរួម​ពិព័រណ៍ OVOP 2022 ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ជួយ​សម្របសម្រួល​ក្នុងការ​ពិនិត្យ​លទ្ធភាព​សិក្សារ​បន្ថែម​អំពី​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា ព្រមទាំង​ស្នើសុំ JETRO ឱ្យ​កៀរគរ​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ទីតាំងនៅ​ប្រទេសជិតខាង ជាពិសេស​ថៃ​+១ និង​វៀតណាម​+១ ពិចារណា​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​មក​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក Nobuhiko Sasaki បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​សម្រាប់​ការគាំទ្រ​យ៉ាងខ្លាំង​លើ RCEP ជាពិសេស​ក្រសួងពាណិជ្ជកម្ម​ដែល​តែងតែ​គាំទ្រ​ដល់​ក្រុមហ៊ុន​ជប៉ុន​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា និង​បាន​ចូលរួម​អបអរសាទរ​ដល់ក​ម្ពុ​ជា ចំពោះ​ភាពជោគជ័យ​របស់ខ្លួន ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នាពេល​កន្លងមក និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​។​

​បន្ថែម​ពីនេះ លោក​ប្រធាន បានស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​ពី​ក្រសួងពាណិជ្ជកម្ម​បន្ថែមទៀត ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ជប៉ុន ជាពិសេស​ផលិតផល​គ្រឿងសម្អាង និង​អាហារ​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​។​

​ជាមួយគ្នានេះ លោក Nobuhiko Sasaki ក៏បាន​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​សិក្សា និង​ស្វែងយល់​ពី​តម្លៃបន្ថែម ដើម្បី​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី បើ​ប្រៀបធៀប​ទៅនឹង RCEP ហើយ​វា​ជា​ក្របខ័ណ្ឌ​ដែល​សម្រេច​ដោយ​រដ្ឋាភិបាល​ជប៉ុន​។
​លោក​ប្រធាន​បាន​បន្តថា អង្គការ JETRO គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ថៃ​+១ នៅ​ប្រទេស​ថៃ​ក្នុង​ខែមករា ឆ្នាំ​២០២៣ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ទីតាំង​ក្នុងប្រទេស​ថៃ ដើម្បី​ពិនិត្យ​លទ្ធភាព​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ឱ្យមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​តាមរយៈ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​

​នៅ​កិច្ចបញ្ចប់ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចពិភាក្សា​ប្រកបដោយ​លទ្ធផល​ដ៏​ល្អប្រសើ និង​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រើ​សើ​ឡើង​ថែម​មួយកម្រិត​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close