កម្ពុជា និង​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ជាមួយ លោក Chen Zhong អគ្គនាយករង នៃ​ក្រុមហ៊ុន China Communications Construction Group Co., Ltd. (CCCG) ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជាច្រើនរូប​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន CCCG ដែល​បានសម្រេច​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ជោគជ័យ និង​បាន​បើកសម្ពោធ​ជា​និមិត្តរូប​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នាយករដ្ឋមន្ត្រី​កម្ពុជា​-​ចិន ក៏ដូចជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជឿទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នាពេល​អនាគត​របស់​កម្ពុជា ដោយ​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿនទី​២ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​នេះ​។

​ជាមួយគ្នានេះ លោក Chen Zhong បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បានផ្ដល់​ការគាំទ្រ សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ដែល​នឹង​ក្លាយជា​កត្តា​ជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​រវាង​កម្ពុជា និង​វៀតណាម តាមរយៈ​ការសម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន​ទំនិញ និង​ការឆ្លងកាត់​ព្រំដែន​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត (Phnom Penh-Bavet Expressway) គឺជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង មាន​ប្រវែង​សរុប​ប្រមាណ​ជា ១៣៨​គ​.​ម ចេញពី​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាត់​តាម​ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ឆ្ពោះទៅ​ក្រុង​បាវិត ព្រំដែន​កម្ពុជា​-​វៀតណាម​។ គម្រោង​នេះ​រួមបញ្ចូល​ទាំង​ការសាងសង់​ស្ពាន​ផ្លូវ​ឆ្លងកាត់​ទន្លេមេគង្គ​ប្រវែង​ប្រមាណ ៥​គ​.​ម គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០២៣ និង​បញ្ចប់​គម្រោង​ឱ្យ​រួចរាល់​នៅ​បំណាច់​ឆ្នាំ​២០២៦ ឬ​ដើមឆ្នាំ​២០២៧ ដោយ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ ១,៦៣៨ លាន​ដុល្លារ​អាមេរិក​។​

​បច្ចុប្បន្ននេះ ក្រុមការងារ​អន្តរក្រសួង នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត រួមជាមួយ​ក្រុមហ៊ុន​ទទួលបន្ទុក​សាងសង់ កំពុង​ពិនិត្យ​កែសម្រួល​ឱ្យ​រួចរាល់​ចំណុច​សេសសល់​មួយចំនួន ក្នុង​កិច្ចព្រមព្រៀង​សម្បទាន ដើម្បី​ឈានទៅរក​សេចក្តីសម្រេច​រួម​ជា​ផ្លូវការ ហើយ​គ្រោង​នឹង​ចុះហត្ថលេខា ក្នុងឱកាស​ដែល សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន នា​ដើមឆ្នាំ​២០២៣​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close