៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​២​លាន​៥​សែន​នាក់​

​ភ្នំពេញ​៖ នាឱកាស​ថ្ងៃ​ឈប់​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ត្រូវ​នឹង​ថ្ងៃទី​៧-៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​២,៥៧៨,៨៣៨​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២,៥៤៥,១៦១​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៣៣,៦៧៧​នាក់​។



ស្ថិតិ​ប្រចាំថ្ងៃ រួមមាន​៖
* ថ្ងៃទី​១​ទទួលបាន​ភ្ញៀវ​សរុប​៧៥៦,១៩០​នាក់​។​
* ថ្ងៃទី​២​ទទួលបាន​ភ្ញៀវ​សរុប​១,០៦៦,១១៣​នាក់​។​
* ថ្ងៃទី​៣​ទទួលបាន​ភ្ញៀវ​សរុប​៧៥៦,៥៣៥​នាក់​។​
​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​៣​ថ្ងៃនេះ រួមមាន​៖
* ខេត្តកំពត ៥៨៨,៥០៦​នាក់​
* ខេត្ត​ព្រះសីហនុ ៤៩៤,៩១៩​នាក់​
* ខេត្តសៀមរាប ៣០៩,៥០៣​នាក់​
* ខេត្ត​ត្បូងឃ្មុំ ២៣៣,៩៩៥​នាក់​
* ខេត្តកំពង់ស្ពឺ ២៣៣,១៥៧​នាក់​
* រាជធានី​ភ្នំពេញ ១៦៦,០៨៦​នាក់​
* ខេត្តបាត់ដំបង ៩៨,៦៥៥​នាក់​
* ខេត្ត​កែប ៩១,៣០៤​នាក់​។​

តួលេខ​ខាងលើ​មានការ​កើនឡើង​១៨៣.៣៤% បើ​ធៀប​នឹង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​២០២១​។​
​នាឱកាស​ថ្ងៃ​ឈប់សម្រាក​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក​នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ ខេត្តកំពត និង​ខេត្ត​ត្បូងឃ្មុំ​បានរៀបចំ​ពិធីបុណ្យ​អុំទូក​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន ខណៈដែល​បណ្តា​ខេត្ត​មួយចំនួន​ផ្សេងទៀត​បានរៀបចំ​រួចហើយ​។​ ​ដោយឡែក បណ្តា​ខេត្ត​ផ្សេងទៀត​ដែល​មិនមាន​ការរៀបចំ​ពិធីបុណ្យ​អុំទូក រដ្ឋបាលខេត្ត​បានរៀបចំ​ជា​កម្មវិធី​តាំងពិព័រណ៍ ការប្រគុំ​តន្ត្រី និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ទៀតផង​ដែរ​។​

​គួរ​បញ្ជាក់ថា ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​សំខាន់ៗ រួមទាំង​ផ្លូវ​ល្បឿន​លឿន​ទៅកាន់​ខេត្ត​ព្រះសីហនុ មានការ​មមាញឹក​ខ្លាំង និង​មានការ​កកស្ទះ​ដោយ​អន្លើៗ​នៅតាម​ទីតាំង​មួយចំនួន​។​ ​បើតាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ និង​សេវា​ស្នាក់នៅ​នានា ត្រូវបាន​ភ្ញៀវ​ស្នាក់នៅ​ពេញ​ស្ទើរ​១០០% ស្រប​ពេលដែល​ចរន្ត​ភ្ញៀវទេសចរ​មាន​សភាព​ផុសផុល​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​។​

​រដ្ឋបាល​រាជធានី​-​ខេត្ត គណៈបញ្ជាការ​ឯកភាព និង​មន្ទីរជំនាញ​បាន​ចាត់តាំង​កម្លាំង​សម្រួល​ចរាចរណ៍ និង​ថែរក្សា​សន្តិសុខ សណ្តាប់​ធា្ន​ប់​នៅតាម​ទីប្រជុំជន និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ បើទោះបី​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង​ក៏ដោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close