ប្រមុខ​ដឹកនាំ​អាស៊ាន​បានចេញ​សេចក្តីថ្លែងការណ៍ អនុញ្ញាត​ឲ្យ​ទី​ម័​រ​ឡេ​ស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១

​ភ្នំពេញ​៖ ប្រមុខ​ដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​សំណើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្តេ​។​

​ក្នុង​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ យើងទាំងអស់គ្នា ប្រមុខ​ដឹកនាំ​អាស៊ាន បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដោយ​ពិចារណា​លើ​លទ្ធផល នៃ​បេសកកម្ម​ស្វែងរក​ការពិត របស់​សសរស្តម្ភ​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន និង​បាន​ឯកភាព​ថា​៖

១៖ ជាគោលការណ៍ ទី​ម័​រ​ឡេ​ស្តេ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១​។​

២៖ ផ្តល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់ទី​ម័​រ​ឡេ​ស្តេ និង​អនុញ្ញាតឱ្យ​ទី​ម័​រ​ឡេ​ស្តេ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួមបញ្ចូល​ទាំង​សម័យប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។​

៣៖ បង្កើតជា​ផែនទី​បង្ហាញផ្លូវ ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​អ​ព្យា​ក្រឹត្យ សម្រាប់​ការចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​ទី​ម័​រ​ឡេ​ស្តេ រួមទាំង​ផ្អែកលើ​សមិទ្ធផល​សំខាន់​នានា ដែល​កំណត់ដោយ​របាយ​ការណ៍ នៃ​បេសកកម្ម​ស្វែងរក​ការពិត​ទាំងបី​សសរស្តម្ភ របស់​អាស៊ាន និង​បានប្រគល់​ភារកិច្ច ជូន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ក្នុងការ​បង្កើត​ផែនទី​បង្ហាញផ្លូវ​នេះ ហើយ​ត្រូវ​ដាក់ជូន​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​អនុម័ត ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២​។​

៤៖ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​ដៃគូ​ខាងក្រៅ​ត្រូវ​ផ្តល់​ការគាំទ្រ ដោយ​ពេញលេញ​ចំពោះ ទី​ម័​រ​ឡេ​ស្តេ ក្នុងការ​ឈានទៅ​សម្រេចបាន​នូវ​សមិទ្ធផល ដែល​បានកំណត់​ទាំងនោះ តាមរយៈ​ការ កសាង​សមត្ថភាព និង​ផ្តល់​ការគាំទ្រ​ចាំបាច់​នានា​ផ្សេងទៀត សម្រាប់​ការចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ​របស់​ទី​ម័​រ​ឡេ​ស្តេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close