សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម​កីឡា​វូ​ស៊ូ

​លោក ម៉ៅ ចន្ថា​វុ​ធ អគ្គលេខាធិការ សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា​គូសបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម​កីឡា​វូ​ស៊ូ ដំណើរការ​ពីថ្ងៃ​ទី ១០​ដល់​ថ្ងៃទី ១៨​ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​អនុវត្តតាម​កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០២២ សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ ឆ្ពោះទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។ សហព័ន្ធ​កីឡា​វ​ស៊ូ​កម្ពុជា​បានរៀបចំ​បើក​វគ្គប​ណ្តុះ បណ្ដាល​លម​ន្ត្រី​បច្ចេកទេស​-​អាជ្ញាកណ្ដាល​-​ចៅក្រម​កីឡា​វ៉ូ​ស៊ូ បង្កើន​ចំណេះដឹង​បន្ថែមទៀត​។​

​អគ្គលេខាធិការ​រូបនេះ​អះអាងថា សិក្ខាកាម​បានមកពី​បណ្តា​ក្លិប​នានា ដោយ​ផ្ដោតលើ​ការសិក្សា បច្ចេកទេស​វិញ្ញាសា​ថាវ​លូ (​សម្ដែង​) និង​វិញ្ញាសា សាន់​ដា (​ប្រយុទ្ធ​) ឲ្យ​កើនឡើង​ទាំង​បរិមាណ និង​គុណភាព​ពី​កម្រិត​មូលដ្ឋាន​មកជា​កម្រិត​ជាតិ និង​ឈាន​ទៅកាន់​កម្រិត​អន្តរជាតិ​ថែមទៀត​ផង​។ ពិសេស​បង្កើន​សមត្ថភាព ដែល​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ព្រឹត្តិ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ វគ្គ​សិក្សា​នេះ​មាន​ចំនួន ០៩ ថ្ងៃ និង​មាន​មន្ត្រី​កីឡា​ចូលរួម​សរុប​ចំនួន​៤៤ នាក់ គិត ទាំង​គ្រូឧទ្ទេស និង​សិក្ខាកាម​។​

​លោក ប៉ែន វុទ្ធី អនុប្រធាន​ទទួលបន្ទុក​រួម​នាយក​ដ្ឋា​ន​អប់រំ​កាយ និង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើងថា វគ្គ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល ចៅក្រម​កីឡា​វូ​ស៊ូ សម្រាប់​បម្រើ​ដល់​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​នាពេលខាងមុខ ជាពិសេស គឺ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នា​ថ្ងៃទី​២១-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​នឹង​ដំណើរការ​ជា​ផ្លូវការ​ពីថ្ងៃ​ទី​៥-១៧ ខែឧសភា ឆ្នាំ​២០២៣​។

​ជាមួយគ្នានេះ លោក​អនុប្រធាន​ទទួលបន្ទុក​រួម​នាយក​ដ្ឋា​ន​បាន​ស្នើសុំ​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ក្រេប​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​យកទៅអនុវត្ត​ការងារ ក្នុងនាម​ជាម​ន្ត្រី​អាជ្ញាកណ្តាល ចៅក្រម ពេល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ក្រោយពី​ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រគល់​អំណាច​ទាំងស្រុង​លើ​ផ្នែក​រដ្ឋបាល បច្ចេកទេស រួមទាំង​ថវិកា​គាំទ្រ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ក្រសួង​នឹង​បាន​មើលឃើញ​ពី​ភាពរឹងមាំ​របស់​សហព័ន្ធ​ក្នុង​ការរៀបចំ​មន្ត្រី​បច្ចេកទេស សម្រាប់​ការប្រកួត​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close