នាយករដ្ឋមន្ត្រី​សិង្ហ​បុរី អរគុណ​សម្តេច​តេ​ជោ ធ្វើជា​ប្រធាន​អាស៊ាន ដោយ​ជោគជ័យ

​សាំង​ហ្គា​ពួ​៖ លោក លី ស៊ាន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​ទើបតែ​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​ថា សូម​អរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើជា​ប្រធាន​អាស៊ាន​ដោយ​ជោគជ័យ និង បដិសណ្ឋារកិច្ច​លោក​យ៉ាង​កក់ក្តៅ ជាការ​រៀបរាប់​ដោយ​បញ្ជាក់ថា លោក​បាន​អញ្ជើញ​ទៅដល់​ប្រទេស​សិង្ហ​បុរី​វិញ ដោយ​សុវត្ថិភាព​។​

​លោក លី ស៊ាន​ឡុង សរសេរថា «​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​ពី​ភ្នំពេញ​។ បានបញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ 2022 ជាមួយនឹង​ការពិភាក្សា​អំពី​បញ្ហា​យុទ្ធសាស្ត្រ នយោបាយ និង​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី 17 (EAS) នៅ​ព្រឹក​នេះ​។ យើង​ជា​ក្រុមចម្រុះ​ណាស់ ប៉ុន្តែ​ភាពខ្លាំង​របស់​អាស៊ាន និង EAS គឺ​ក្នុង​ការនាំយក​មេដឹកនាំ​រួមគ្នា​សម្រាប់​ការពិភាក្សា និង​ពិភាក្សា​។​

​អរគុណ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ និង​ជោគជ័យ​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន​! ឥណ្ឌូណេស៊ី​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន​បន្ទាប់​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធាន Joko Widodo និង​មេដឹកនាំ​អាស៊ាន​របស់​យើង ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកល តាមរយៈ​ឯកភាព និង​ភាពជា​កណ្តាល​របស់​អាស៊ាន និង​ចាប់យក​ឱកាស​ពី​សហគមន៍​អាស៊ាន​ដែលមាន​សុខដុមរមនា សន្តិភាព ស្ថិរភាព និង​វិបុលភាព​៕»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close