«​ប៊ុនធឿន​ស្ម័គ្រស្មោះ​ស្រណោះ​វិធា​វី ស៊ូ​សូន្យ​ជីវី​ដើម្បី​ស្នេហា បន្សល់​ចិញ្ចៀន​ទទឹម​និង​សារ សូម​ប្រុស​រៀម​រ៉ា​រៀបការ​ស្រី​ថ្មី​»

​បើ​និយាយ​ដល់​គូស្នេហ៍​យុវវ័យ​ស្ម័គ្រស្មោះ​កម្សត់ ឬ​គូស្នេហ៍​ក្បត់ចិត្ត​នោះ គេ​មិនសូវ​បំភ្លេច​ឡើយ​តួអង្គ​ប៊ុនធឿន និង​នាង​វិធា​វី ក្នុង​រឿង​«​ផ្កា​ស្រពោន​» របស់​អ្នកនិពន្ធ នូ ហាច ដែល​បាន​តាក់តែង​ក្នុង​ឆ្នាំ​១៩៤៧ បោះពុម្ព​ក្នុង​ឆ្នាំ​១៩៤៩ ក្នុងសម័យ​អាណានិគម​បារាំង​។ ​រឿងនេះ​បានបង្ហាញ​ពី​ជីវិត​ស្នេហា​ព្រាត់ប្រាស់​របស់​យុវជន​យុវតី​ពីររូប​បណ្តាលមកពី​ការរើសអើង​វណ្ណៈ​(​ឱ្យ​តម្លៃ​លើ​ទ្រព្យសម្បត្តិ​ធំ​ជាង​កិត្តិយស​)​។

​សូម​នាំ​អារម្មណ៍​បងប្អូន​ទៅកាន់​អតីតកាល​ដ៏​ស្រស់ត្រកាល​ពី​ក្មេង​ស្តាប់​សំឡេង​រឿងនិទាន​នេះ​តាម​វិទ្យុ បណ្តែតអារម្មណ៍​ជាមួយ​ការរៀបរាប់​យ៉ាង​ក្បោះក្បាយ​ពី​សិល្បករ​-​សិល្បការិនី ពេលនេះ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​ដំឡើង​ទស្សនីយភាព​ជា​ទម្រង់​ល្ខោននិយាយ​រឿង “​ផ្កា​ស្រពោន​” ដែលជា​ស្នាដៃ​អក្សរសិល្ប៍​បែប​ទំនើប​ដ៏​ល្បី​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​មាននៅ​ក្នុង​ក​ម្ម​វិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​នោះ គឺ​ដើម្បី​ថែរក្សា អភិរក្ស អភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​នូវ​ស្នាដៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ដែលជា​ដួងព្រលឹង​ដូនតា​ឱ្យបាន​គង់វង្ស​ជាច្រើន​ជំនាន់​។​

​សូម​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់​ចូលរួម​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​សិល្បករ​-​សិល្បការិនី​ឱ្យបាន​ច្រើន​កុះករ នៅ​សាលសន្និសីទ​ចតុម្មុខ នា​ថ្ងៃទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close