សម្តេច​តេ​ជោ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល G20 ចាប់ពី​ថ្ងៃទី​១៥-១៦ វិច្ឆិកា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី

​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៤ វិច្ឆិកា​នេះ បាន​ថ្លែងថា “​នៅពេលនេះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ក្រោម​មូលបទ «​ស្តារឡើងវិញ​ទាំងអស់គ្នា ស្តារឡើងវិញ កាន់តែ​រឹងមាំ » ចាប់ពី​ថ្ងៃទី​១៥-១៦ ខែវិច្ឆិកា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ។

​តាម​ការគ្រោងទុក នៅក្នុង​កិច្ចប្រជុំ​G20 ខ្ញុំ​នឹង​ថ្លែង​បទ​អន្តរាគមន៍​ក្នុងសម័យ​ប្រជុំ​ទី​១ ស្តីពី​សន្តិសុខ​ស្បៀង និង​ថាមពល និង​សម័យប្រជុំ​ទី​២ ស្តីពី​បញ្ហា​សុខភាព ដែល​នឹង​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ពហុភាគី និយម និង​កិច្ច​សហការគ្នា​ឆ្ពោះទៅរក​គោលដៅ​នៃ​ការស្តារ​ឡើងវិញ​ប្រកបដោយ​ចីរភាព​ក្រោយ​ជំងឺ​រាតត្បាត Covid-19​។ ក្នុងកំឡុងពេល​ស្នាក់នៅ​ឥណ្ឌូ​នេ​ស៉ី ខ្ញុំ​នឹង​ជួប​ជាមួយ​បណ្ដារ​មេដឹកនាំ​មួយចំនួន​នៅ​ទីនោះ​ផងដែរ​។

​សូម​អរគុណ​ដល់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​រៀបចំ​បាន​យ៉ាង​ល្អ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​និង​៤១​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កន្លងទៅនេះ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​យើង​ត​ជំនាន់​។​

​សូម​ជូនពរ បងប្អូន​ជនរួមជាតិ​មា​សុខភាព​ល្អ​ចៀស​ផុតពី​ជម្ងឺ​កូ​វីដ​១៩៕”​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close