ទីក្រុង​មូ​ស្គូ​៖ G20 គួរតែ​ផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច​ជាជាង​សន្តិសុខ​

​រុស្ស៊ី​បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ G20 ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សេដ្ឋកិច្ច សង្គម​ដែលជា​បញ្ហា​បន្ទាន់​របស់​ពិភពលោក ។ ចំណែក​បញ្ហា​សន្តិសុខ គឺជា​ភារកិច្ច​របស់ អង្គការសហប្រជាជាតិ​។​

​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា រុស្ស៊ី​បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ ប្រទេស G20 មិនត្រូវ​ពិភាក្សា លើ​បញ្ហា​សន្តិសុខ​នោះឡើយ ដោយ​ផ្តោត​សំខាន់​ទៅលើ បញ្ហា​សេដ្ឋកិច្ច សង្គម ដែលជា​បញ្ហា​បន្ទាន់​របស់​ពិភពលោក ។ ការលើកឡើង​ខាងលើ​របស់​រុស្ស៊ី ក្នុងពេលដែល សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន គ្រប់​ដណ្តប់ កិច្ចប្រជុំ G20 ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ និង​១៦​ខែវិច្ឆិកា​។​

​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ ក្រុម​ប្រទេស G20 ដែលជា​ក្រុម​នៃ​សេដ្ឋកិច្ច​ធំជាងគេ​របស់​ពិភពលោក ដែល​ស្មើនឹង​ជាង 80% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ពិភពលោក (GDP)​នឹង​ជួបប្រជុំគ្នា​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ មេដឹកនាំ​លោកខាងលិច​រួមទាំង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រើប្រាស់​វេទិកា​កម្រិត​ខ្ពស់​នេះ​ដើម្បី​ថ្កោលទោស​រុស្ស៊ី​ជា​សាធារណៈ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​មុន​កិច្ចប្រជុំ​កំពូល ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា វា​មាន​សារៈសំខាន់​ជា​មូលដ្ឋាន​ដែល G20 “​ផ្តោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​លើ​ការគំរាមកំហែង​ពិតប្រាកដ ជាជាង​ការ​ស្រមៃ​”​។​

“​យើង​ជឿជាក់ថា G20 ត្រូវបាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចសង្គម​។ វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​ពង្រីក​របៀបវារៈ​ទៅក្នុង​វិស័យ​សន្តិភាព និង​សន្តិសុខ ដែល​ប្រទេស​ជាច្រើន​កំពុងនិយាយ​អំពី វា​មិនអាច​ទៅរួច​ទេ​»​។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov នឹង​ដឹកនាំ​គណប្រតិភូ​រុស្ស៊ី ចូលរួម​កិច្ចប្រជុំ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close