ការដាក់ទណ្ឌកម្មមិនអាចបញ្ឈប់កម្មវិធីអាវុធរបស់កូរ៉េខាងជើងបានទេ
កូរ៉េខាងជើងត្រូវបានគេជឿថាកំពុងគេចពីការដាក់ទណ្ឌកម្ម និងបន្តបង្កើតកម្មវិធីអាវុធរបស់ខ្លួន។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ទណ្ឌកម្មសេដ្ឋកិច្ចដែលជាឧបករណ៍សំខាន់ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់អស់ជាច្រើនឆ្នាំដើម្បីដាក់សម្ពាធលើប្រទេសកូរ៉េខាងជើងបានបរាជ័យទាំងស្រុងក្នុងការបញ្ឈប់កម្មវិធីបរមាណូ និងមីស៊ីលរបស់កូរ៉េខាងជើង ឬនាំប្រទេសអាស៊ីឦសាននេះត្រឡប់ទៅតុចរចាវិញ។
ផ្ទុយទៅវិញកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងកាន់តែខ្លាំងក្លា ហើយប្រទេសនេះបានធ្វើតេស្ត បំបែកកំណត់ត្រានៃអាវុធជាច្រើនប្រភេទនៅឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដែលត្រូវបានបង្កើតឡើងដើម្បីបាញ់ដល់ទ្វីបអាមេរិក។
លោក Joseph DeThomas អតីតអ្នកការទូតអាមេរិកដែលធ្វើការលើការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង និងអ៊ីរ៉ង់ និងបម្រើការក្នុងរដ្ឋបាលរបស់ប្រធានាធិបតីប្រជាធិបតេយ្យលោក Bill Clinton និង Barack Obama បាននិយាយថា “យើងបានបរាជ័យ វាជាការបរាជ័យផ្នែកគោលនយោបាយ ឥឡូវយើងត្រូវបន្តទៅជំហានបន្ទាប់ ស្វែងរកបញ្ហាក្នុងប្រព័ន្ធ»។
មន្ត្រីរដ្ឋបាលប្រធានាធិបតី Joe Biden ក៏បានទទួលស្គាល់ផងដែរថា ទណ្ឌកម្មបានបរាជ័យក្នុងការបញ្ឈប់កម្មវិធីអាវុធរបស់កូរ៉េខាងជើង ប៉ុន្តែពួកគេទទូចថា យ៉ាងហោចណាស់ពួកគេមានប្រសិទ្ធភាពក្នុងការបន្ថយល្បឿនរបស់ទីក្រុងព្យុងយ៉ាង។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden បាននិយាយ “ខ្ញុំមិនយល់ស្របជាមួយនឹងគំនិតដែលថាទណ្ឌកម្មបានបរាជ័យ។ ទណ្ឌកម្មមិនអាចបញ្ឈប់កម្មវិធីទាំងអស់របស់ពួកគេបានទេ – នោះជាការពិតទាំងស្រុង។ ប៉ុន្តែខ្ញុំគិតថាប្រសិនបើទណ្ឌកម្មមិនមានទេ (កូរ៉េខាងជើង) នឹងមានសមត្ថភាពច្រើនជាងនេះទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។