បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ខណៈ​ត្រូវ​ឈើ​មួយ​បន្ទះ​ធ្លាក់​ចំក្បាល ពីលើ​ការដ្ឋាន​សំណង់​មួយកន្លែង ក្នុង​ខណ្ឌចំការមន

​ភ្នំពេញ​៖ បុរស​ម្នាក់ បាន​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​អាណោចអាធម្ម បន្ទាប់ពី​ឈើ​មួយ​បន្ទះ បាន​ធ្លាក់​ពីលើ​ការដ្ឋាន​សំណង់​មួយកន្លែង​ត្រូវចំ​ក្បាល បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ទល់មុខ​សាកលវិទ្យាល័យ​​បៀ​ល​ប្រាយ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ យ៉ា​ត់ ស៊ីថា​ត អាយុ​២៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ផ្នែក​ដឹក​ជ​ញ្ចូ​ន​របស់​ក្រុមហ៊ុន​ឯកជន​ឈ្មោះ «The Ostra Fine Food​។ ហើយ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​បាន​ដើរ​ខាងក្រោម​ការដ្ឋាន​មិន​រៀបរយ​ខាងលើនេះ ហើយ​ពេល​ដើរ​នោះ​ស្រាប់តែ​អ្នក​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​នោះបាន​ធ្វើឱ្យ​ធ្លាក់​បន្ទះ​ឈើ​មួយ​ពី​ជាន់​លើ​បណ្ដាលឱ្យ​ធ្លាក់​ត្រូវ​ក្បាល​យុវជន​នោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្ដង​។

​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ទីតាំង​ការដ្ឋាន​នោះបាន​បន្ថែម​ឱ្យដឹងថា ទីតាំង​ការដ្ឋាន​នោះ​តែងតែមាន​ធ្លាក់​ដែក ធ្លាក់​ឈើ​ជា​ញឹកញាប់ ក៏ប៉ុន្តែ​សំណាងល្អ​មិនត្រូវ​លើ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​គ្រាន់តែ​ប៉ះពាល់​សម្ភារ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​ហ៊ុមព័ទ្ធ​និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ នៅ​ចំណុចកើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី និង​បន្ត​ចាត់ការ​រឿងនេះ​តាមច្បាប់​ផងដែរ ៕

ប្រភព៖ អប្សរា TV១១

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close