ចៅស្រីសម្តេចតេជោ ហ៊ុន សែន ជាប់លេខ១ ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងលេខ២ លើពិភពលោក
ភ្នំពេញ៖ កុមារី ហ៊ុន ពេជមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ត្រូវជាកូនស្រីរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានជាប់ចំណាត់ថ្នាក់លេខ១ សារជាថ្មីម្តងទៀត ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក។ នេះបើតាមលទ្ធផលដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
ការប្រឡងគណិតវិទ្យាដែលធ្វើឡើងតាមរយៈកុំព្យូទ័រនេះ មានសិស្សចូលរួមប្រកួតប្រជែងរាប់រយនាក់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។ ទីបំផុតកុមារី ហ៊ុន ពេជមុន្នីលីណា បានទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេនៅតំបន់អាស៊ី និងជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកបន្ទាប់ពីប្រទេស បន្ទាប់ពីបេក្ខជនមកពីសហរដ្ឋអាមេរិក។
កុមារី ហ៊ុន ពេជមុន្នីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ការដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក របស់កុមារី ហ៊ុន ពេជមុន្នីលីណា គឺជាមោទនភាពមួយផងដែរសម្រាប់កុមារកម្ពុជា ហើយក៏ជាបង្ហាញថា កុមារកម្ពុជា មានសមត្ថភាពខ្ពស់មិនចាញ់បណ្តាប្រទេសដែលល្បាញល្បី និងជឿនលឿននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។