សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ស​.​ហ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ (​គ​.​ស​.​ហ​)​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​វាយតម្លៃ​អំពី​លទ្ធផល​នៃ​សេចក្ដីសម្រេច​របស់​មហា​សន្និបាត​ក្រុមការងារ​ហិរញ្ញវត្ថុ FATF (Financial Action Task Force)​លើ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​១០​របស់​កម្ពុជា និង​ការដាក់ចេញ​ទិសដៅ​ការងារ​បន្ត​ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបាន​ល្អ សម្រាប់​ការចុះ​មកពី​និត្យ​ដោយផ្ទាល់ ក្នុងអំឡុង​ខែមករា ឆ្នាំ​២០២៣ សំដៅ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​របស់​FATF​នាពេលខាងមុខ​។​

​សម្ដេច​រម្លឹកថា នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៤ កាលពី​ខែមិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​FATF បានសម្រេច​លើ​របាយការណ៍​ជុំ​ទី​៩​របស់​កម្ពុជា​នាពេល​កន្លងមក គ្រប់​យន្តការ​ពាក់ព័ន្ធ​ទាំងអស់​នៅ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ​ដែល​នៅ​សេសសល់​បាន​កាន់តែ​ល្អ ទោះបីជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មានការ​មមារ​ញឹក​ខ្លាំង​លើ​ការបោះឆ្នោត និង​ការងារ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន ព្រមទាំង​ការចុះ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ផ្អែក​តាម​របាយការណ៍​បឋម​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌ សម្ដេច​បាន​មាន​ប្រសា​សាសន៍​ថា​កម្ពុជា​បានរៀបចំ​របាយការណ៍​ជុំ​ទី​១០ និង​បាន​ដាក់ជូន​FATF​បាន​ទាន់ពេលវេលា ដោយ​ក្នុង​របាយការណ៍​នោះបាន​រំលេច​ឱ្យឃើញ​នូវ​វឌ្ឍនភាព​ល្អប្រសើរ ប្រហាក់ប្រហែល​នឹង​វឌ្ឍនភាព​ក្នុង​របាយការណ៍​ជុំ​ទី​៩ ហើយ​ដែល​មហាសន្និបាត​FATF​កាលពី​ខែតុលា​ឆ្នាំ​២០២២​ថា​កម្ពុជា​បាន​អនុវត្ត​ពេញលេញ​នូវ​ផែនការ​សកម្មភាព​ទាំងអស់​ដែល​នៅ​សេសសល់ និង​បានសម្រេច​ឱ្យមាន​ការចុះពិនិត្យ​ផ្ទាល់​នៅក្នុង​ខែមករា ឆ្នាំ​២០២៣​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា «​ការសម្រេច​របស់​FATF​ឱ្យមាន​ការចុះពិនិត្យ​ផ្ទាល់​ខាងមុខនេះ ជា​ឱកាស​មាស​ដ៏​ម្រ​សម្រាប់​កម្ពុជា ដើម្បី​ឈានទៅ​ដកខ្លួន​ចេញពី​បញ្ជី​ប្រផេះ​ដែលជា​គោលដៅ​ចុងក្រោយ​នៃ​បេសកកម្ម​របស់​យើងទាំងអស់គ្នា​»​។ សម្ដេច​បន្តថា​ការចុះ​ពី​និត្យ​នេះ គឺជា​ដំណាក់កាល​ចុងក្រោយ​នៅក្នុង​ក្របខណ្ឌ​នៃ​នីតិវិធី​របស់​FATF​មុននឹង​សម្រេច​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​។

​សម្ដេច​បន្ថែមថា ដោយសារ​ការដក​កម្ពុ​ជា​ចេញពី​បញ្ជី​ប្រផេះ ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​អាយុជីវិត​របស់​ប្រទេសជាតិ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ និង​ដោយសារ​ការចុះ​ធ្វើ​អធិការកិច្ច​នេះ​គឺជា​វិញ្ញាសារ​ថ្មី​ផង និង​ស្មុគស្មាញ​ផង​សម្រាប់​កម្ពុជា ដូច្នេះហើយ​ទើប​មានការ​ចាំបាច់​ក្នុងការ​ជួបជុំគ្នា​នៅថ្ងៃនេះ ទាំង​ក្នុង​កម្រិត​នយោបាយ ទាំង​ក្នុង​កម្រិត​បច្ចេកទេស ដើម្បី​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មី​នេះ សំដៅ​ត្រៀមលក្ខណៈ​បានល្អ​ប្រសើរ សម្រាប់​កិច្ចការ​ចុងក្រោយ​ដ៏​មាន​សារៈសំខាន់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close