បើលោកត្រាំជាប់ឆ្នោតជាថ្មី ពិភពលោកនឹងបែកបាក់ជាមិនខាន
ដោយគោលនយោបាយអាត្មានិយម លោកត្រាំ បានធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិក ខឹងសម្បាយ៉ាងខ្លាំង ប្រឈមនឹងការបែកបាក់ ដោយសាតែគោលនយោបាយអាត្មានិយម របស់លោកត្រាំ គិតតែប្រយោជន៍របស់អាមេរិក ។ នៅពេលនេះលោកត្រាំបានប្រកាសឈរឈ្មោះបោះឆ្នោតម្តងទៀត ។ នេះជាលើកទី៣ហើយដែលអតីតប្រធានាធិបតី ដូណាល់ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី អាមេរិក សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ២០២៤។
នៅថ្ងៃទី១៥ខែវិច្ឆិកា (ពេលវេលាអាមេរិក) លោកត្រាំ អាយុ ៧៦ឆ្នាំ បានប្រកាសជាផ្លូវការថា នឹងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ ២០២៤ ។ លោកត្រាំបានបញ្ជាក់ថា«ដើម្បីធ្វើឲ្យអាមេរិក កាន់តែខ្លាំង ខ្ញុំប្រកាសចូលរួមជាបេក្ខភាពនៅក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២៤ ។
ក្នុងពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃ១៦ខែវិច្ឆិកានេះបានឆ្លើយតបទៅនឹងការប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកជាផ្លូវការ ពីសំណាក់លោក ដូណាល់ ត្រាំ ដោយនិយាយថាអតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកបរាជ័យ នៅក្នុងអាណត្តិដឹកនាំ ប្រទេសរបស់លោក។
ថ្លែងក្នុងសារខ្លីមួយបង្ហោះលើ Twitter ចេញពីកោះបាលី ជាទីដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូល G20 លោក បៃដិន បានសង្កត់ធ្ងន់ដូច្នេះថា «ដូណាល់ ត្រាំ បានធ្វើឱ្យ សហរដ្ឋអាមេរិកបរាជ័យ»។ សាររបស់លោក បៃដិន ក៏មានអមជាវីដេអូមួយដែលនិយាយដែរថា លោក ត្រាំ ដឹកនាំសេដ្ឋកិច្ចក្លែងក្លាយសម្រាប់ពួកអ្នកមាន វាយប្រហារការថែទាំសុខាភិបាល ជ្រុលនិយម វាយប្រហារសិទ្ធិស្ត្រី និងញុះញង់ឱ្យមានកុបកម្មដ៏ហិង្សាដើម្បីកែប្រែលទ្ធផលបោះឆ្នោតដែលបង្ហាញថារូបលោកចាញ់លោក បៃដិន កាលពីឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយបានបង្កើតគណៈកម្មាធិការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្មីមួយផងដែរ។ ថ្លែងនៅចំពោះមុខ អ្នកគាំទ្រនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋផ្ល័រីដា លោក ដូណាល់ ត្រាំ ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត នៅយប់នេះខ្ញុំប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក…ហើយខ្ញុំនឹងធានាឱ្យបានថាលោក ចូ បៃដិន នឹងមិនទទួលបានអាណត្តិ៤ឆ្នាំបន្ថែមទៀតនោះទេ»។
លោក ចូ បៃដិន មានអាយុ ៧៩ឆ្នាំ មិនទាន់ប្រកាសជាផ្លូវការថានឹងឈរឈ្មោះបោះឆ្នោតម្ដងទៀត ឬក៏យ៉ាងនោះទេ តែសមាជិកគណបក្សប្រជាធិបតេយ្យខ្លះ បានអំពាវនាវឱ្យលោកកុំឈរឈ្មោះសាជាថ្មី ដោយសារបញ្ហាអាយុរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។