តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់ ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​

​ភ្នំពេញ​៖ នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បានប្រកាស​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០,៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ អំពី​កិច្ចចរចា​ការធ្វើ​ប្រសើ​ឡើង​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់ (ASEAN-Australia-New Zealand Free Trade Area upgraded) ដែល​នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត សម្រាប់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។​

​សូម​ជម្រាបជូន​ថា កិច្ចចរចា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​ណូ​វែ​ល​ហ្សេ​ឡង់ ត្រូវបាន​ចុះហត្ថលេខា​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ ២០០៩ កំពុង​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង ដើម្បី​ធានាថា នៅ​ថ្ងៃ​អនាគត​យើង​អាចធ្វើ​ការរួម​គ្នា​យកឈ្នះ​នឹង​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតឡើង និង​ដើម្បី​រក្សាបាន​នូវ​ស្តង់ដារ​អាជីវកម្ម​កម្រិត​ខ្ពស់ ប្រកបដោយ​ប្រសិទ្ធភាព កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​រាតត្បាត ព្រមទាំង​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ប្រឈម​សកល និង​ក្នុង​តំបន់​។​ ​ជាក់ស្ដែង ពាណិជ្ជកម្ម​រវាង​អាស៊ាន អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់​នៅតែ​រឹងមាំ បើទោះបីជា​ទទួលរង​ផលប៉ះពាល់​ជាស​កល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ក៏ដោយ​។

​បន្ថែម​ពីនេះ អាជីវករ និង​ធុរជន​ទាំងអស់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ដ៏​ច្រើន​ពី​ការធ្វើឱ្យ​ប្រសើរឡើង AANZFTA នេះ តាមរយៈ​វិធានការ​តម្លាភាព​ដែល​ប្រសើរឡើង រួមមាន​៖ ការចំណាយ​ទាប និង​កាត់បន្ថយ​ពេលវេលា​សម្រាប់​ការនាំចេញ​និង​ការ​នាំចូល​; ការប្រើប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​ពាណិជ្ជកម្ម​; កិច្ចសហប្រតិបត្តិការ​ក្នុង​បច្ចេកវិទ្យា​ឌីជីថល ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​សេវាកម្ម​ផ្នែក​បណ្ដុះបណ្ដាល​បន្ថែម​; បង្កើន​ការចូលរួម​របស់​សហ​គ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច រួមទាំង​លទ្ធកម្ម​របស់​រដ្ឋាភិបាល និង​លំហូរ​កាន់តែ​រលូន​នៃ​ទំនិញ​សំខាន់ៗ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ផ្សេងៗ ជាដើម​។​ ​លើសពីនេះ AANZFTA មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អូស្ត្រាលី និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ ព្រមទាំង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close