សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម វ៉ី ហ្វុ​ង​ហឺ (Wei Fenghe) រដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខណៈ​ឯកឧត្តម​បានមក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្តសៀមរាប​នា​ថ្ងៃទី​២៣ វិច្ឆិកា ខាងមុខ​។​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម វ៉ី ហ្វុ​ង​ហឺ បាន​គោរព​វាយតម្លៃ​ខ្ពស់ និង​សម្ដែង​នូវ​ការអបអរសាទរ​ជូន​សម្ដេច​តេ​ជោ ចំពោះ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ជាមួយនឹង​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួលបាន​លទ្ធផល​យ៉ាង​ជោគជ័យ​។​

​ឯកឧត្តម វ៉ី ហ្វូង​ហឺ ក៏បាន​សម្ដែង​នូវ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​រវាង​កងទ័ព និង​កងទ័ព​ដែល​កំពុងមាន​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រកបដោយ​ផ្លែផ្កា​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ចិន នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ថែមទៀត​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម វ៉ី ហ្វុ​ង​ហឺ ដែល​បានមក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ដោយផ្ទាល់ ហើយ​ក៏បាន​ថ្លែងអំណរគុណ​ជូន​ឯកឧត្តម​ផងដែរ ចំពោះ​ការវាយតម្លៃ​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា និង​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​កន្លងទៅ រួមជាមួយ​នឹង​ការថ្លែងអំណរគុណ​ដល់​ជំនួយ​របស់​មិត្ត​ចិន ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ទាំង​ធនធានមនុស្ស និង​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close