នាយរង​បេសកកម្ម​ខេត្តកណ្តាល ប្តេជ្ញា​ប្រជែង​មេដាយ​ឲ្យ​បាន​ច្រើន​ ​ក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២

​លោក ពៅ វណ្ណា នាយរង​បេសកកម្ម​ខេត្តកណ្តាល បានបង្ហាញ​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ប្រកួត​លើ​ប្រភេទ​កីឡា​មួយចំនួន នៅ​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ពីថ្ងៃ​ទី​១៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា ក្រុម​កីឡាករ កីឡាការិនី​ខេត្តកណ្តាល​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ខិតខំ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ប្រកួតប្រជែង​មេដាយ​ជូន​ខេត្ត​ឲ្យ​បាន​ច្រើន ជាពិសេស​យ៉ាងហោចណាស់ គឺ​ត្រូវការពារ​ចំណាត់ថ្នាក់​លេខ​៤ ដូច​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ និង​កីឡា​ជាតិ លើក​ទី​២ ឆ្នាំ​២០១៨ ក្នុងចំណោម​ចំណាត់ថ្នាក់​២៥​រាជធានី​-​ខេត្ត និង​៣​ក្រសួង​។​

​នាយរង​បេសកកម្ម​រូបនេះ អះអាងថា ខេត្តកណ្តាល​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន​៣៥​ប្រភេទ​កីឡា រួមទាំង​៥​ប្រភេទ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក (​សរុប​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ៣៥៧​នាក់​) ដោយ​ចំនួន​ប្រភេទ​កីឡា​ជាច្រើន​នេះ លោក​ជឿជាក់ថា ខេត្តកណ្តាល​នឹង​ទទួលបាន​លទ្ធផល​ល្អ ក្នុង​កីឡា​ជាតិ លើក​ទី​៣​នេះ ជាក់​ជាមិនខាន​។​

​លោក ពៅ វណ្ណា បាន​អះអាង​យ៉ាង​ដូច្នេះ​ថា «​ខេត្តកណ្តាល ឆ្នាំនេះ​មាន​មោទនភាព​ខ្លាំងណាស់ ក្នុងការ​បញ្ជូន​ប្រភេទ​កីឡា​ច្រើន ជាពិសេស​ប្រភេទ​កីឡា​ជនពិការ​ចំនួន​៤​ប្រភេទ​កីឡា​។ មុនពេល​ចេញដំណើរ​ម​ក​បំពេញបេសកកម្ម​ក្នុង​កីឡា​ជាតិ​នេះ ក្រុម​ប្រតិភូ​កីឡា​ខេត្តកណ្តាល​ទទួលបាន​កា​រ​ផ្តាំផ្ញើ លើកទឹកចិត្ត​ពី​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ឲ្យ​យើងទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​ប្រជែង​មេដាយ​ជូន​ខេត្ត​។ អ្វីដែល​សំខាន់បំផុត ឯកឧត្តម​អភិបាលខេត្ត​បាន​ជំរុញ​ឲ្យ​យើង​ខិតខំ​គោរព​ឲ្យ​បានជា​ដាច់ខាត​នូវ​បទបញ្ជា​ការប្រកួត វិន័យ ក្រមសីលធម៌ ព្រមទាំង​ការណែនាំ​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​រួមចំណែក​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ដើម្បី​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ​»​។​

​លោក​បន្ថែមថា ឯកឧត្តម​អភិបាល​ខេត្តកណ្តាល​នឹង​ផ្តល់​ការលើកទឹកចិត្ត​ដោយ​មេដាយមាស​១​គ្រឿង ជូន​ប្រាក់រង្វាន់ ៣០០​ដុល្លារ មេដាយប្រាក់ ២០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ ១៥០​ដុល្លារ​។ មុនពេល​ចេញដំណើរ ឯកឧត្តម​ក៏បានផ្តល់​ការលើកទឹកចិត្ត ក្នុង​ម្នាក់ៗ ១០​ម៉ឺន​រៀល​ផងដែរ​។​

«​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច ការហូបចុក​ស្នាក់នៅ និង​ដឹកជញ្ជូន គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា​មានការ​យកចិត្តទុកដាក់​ខ្ពស់​ជូន​ដល់​ប្រតិភូ​កីឡា​រាជធានី​ខេត្ត និង​៣​ក្រសួង​បាន​យ៉ាង​ល្អប្រសើរ​។ ក្នុងនាម​ប្រតិភូ​ដឹកនាំ​ខេត្តកណ្តាល យើងខ្ញុំ​បាន​ប្រជុំ​ណែនាំ​ដល់​គ្រូបង្វឹក កីឡាករ កីឡាការិនី​ទាំងអស់​ចាំបាច់​ត្រូវគោរព​តាម​បទបញ្ជា​ការប្រកួត និង​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅតាម​ប្រភេទ​កីឡា​នីមួយៗ ជាពិសេស​គឺ​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​សារធាតុ​ហាមឃាត់ ដូ​ប៉ា ឲ្យ​បាន ដើម្បី​រួមគ្នា​លើកស្ទួយ​មុខមាត់ កិត្តិយស​ខេត្ត ក៏ដូចជា​ព្រឹត្តិការណ៍​កីឡា​ជាតិ​ទាំងមូល​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close