ក្រសួង​អប់រំ ប្រកាស​ព័ត៌មាន​ស្ដីពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៥ ធ្នូ ២០២២

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំ​២០២២​នេះ នៅតែមាន​ភាព​តឹងរឹង ហើយ​នឹងមាន​អ្នកសង្កេតការ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​យុវជន​សរុប​ជាង ៤៧០០​នាក់ នឹងចូលរួម​សង្កេតការណ៍ ក្នុងសម័យ​ប្រឡង​នេះ ។​

​ក្នុង​សន្និសីទ​ស្តីពី​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​អប់រំ មានប្រសាសន៍ថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​នៅ​ទូទាំងប្រទេស មាន​បេក្ខជន​ចូលរួម​ប្រឡង​ប្រមាណ​ជាង ១២​ម៉ឺន​នាក់ ហើយ​ការប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ ។​

​ឯកឧត្តម​បាន​បន្តថា ចំពោះ​ការប្រឡង​នេះ រាល់​បទ​ប​ញ្ញ​តិ្ត ឬ​បទបញ្ជា​ទាំងអស់ ត្រូវ​អនុវត្តតាម ដែលមាន​ការហាម​មិន​ឲ្យ​យក​សំណៅ ឬ​ឯកសារ​សំណេរ ការលួចចម្លង ឬ​ចម្លង​តាម​គ្នា ការ ប្រឡង​ជំនួស ការ​សូកប៉ាន់​ជាដើម ដោយ​ករណីខ្លះ​បើ​រកឃើញ នឹងត្រូវ​បញ្ឈប់​ឲ្យ​ប្រឡង ឬ​មានការ​អនុវត្ត​តាមច្បាប់​ផងដែរ ។​

​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​បន្ថែមថា​ ​ការប្រឡង​គឺ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល មាន ៣​កុំ ៣​ការពារ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​មិនត្រូវ​ឲ្យ​បេក្ខជន​តេស្ត​មុន​ការប្រឡង​មួយថ្ងៃ​នោះទេ ហើយ​សម្រាប់​បេក្ខជន​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ គឺ​ក្រសួង​នឹង​រៀបចំ​ទីតាំង​ប្រឡង​ដាច់ដោយឡែក មិន​ឲ្យ​មាន​ហានិភ័យ ឬ​ការព្រួយបារម្ភ​ដល់​បេក្ខជន​ដទៃ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា សម្រាប់​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប គឺ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែធ្នូ ហើយ​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ ហើយ​ការប្រឡង​នេះ​ទៀតសោត មិនមាន​កំណត់ថា ឆ្នាំនេះ​យក​ប៉ុណ្ណោះ​ភាគរយ ឆ្នាំ​នោះ​យក​ប៉ុណ្ណោះ​ភាគរយ គឺ​ប្រឡង​ជាប់​ប៉ុណ្ណា យក​ប៉ុណ្ណឹង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close