បាយអ គឺជា​សារធាតុ​សំខាន់​មួយ សម្រាប់​ការពារ​មិនឱ្យ​ទឹក​ជ្រាបចូល​គ្រឹះ​ប្រាសាទ និង​ខូចខាត​រចនាសម្ព័ន្ធ​សំណង់​បុរាណ​

​រាល់​ការជួសជុល​សំណង់​បុរាណ ដូចជា​ប្រាសាទ​កសាង​ពី​ថ្មភក់ សំណង់​ឥដ្ឋ ឬក៏​ថ្មបាយក្រៀម​នោះទេ ក្រៅតែពី​ការធ្វើ​កំណាយ​ស្រាវជ្រាវ ការពង្រឹង​គ្រឹះ​ឡើងវិញ ការស្វែងរក​ថ្ម​មក​ផ្គុំ​ដាក់​នៅ​ទីតាំង​ដើម បំពេញ​ថ្ម​ថ្មី​នៅតាម​កន្លែង​បាត់បង់ ឬ​ខូចខាត​ដែល​ចាំបាច់​នោះ ការបិទ​បាយអ​នៅតាម​ចន្លោះប្រហោង​ថ្ម​ដែល​ខូចខាត​ឬ​បាត់បង់ និង​នៅតាម​មុខតំណ​ក៏​ជា​កត្តា​សំខាន់​ដូចគ្នា ដើម្បី​ការពារ​ការ​ទឹក​កុំឱ្យ​ជ្រាបចូល​បាន​តទៅទៀត​។

​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​សំណង់​បុរាណ​ឱ្យដឹងថា រាល់​សំណង់​បុរាណ​ទាំងឡាយ កាលណា​ទឹក​ហូរ​ចូល​គឺ​វា​អាច​បណ្តាលឱ្យ​គ្រឹះ​របស់​សំណង់​ឆាប់​ចុះខ្សោយ និង​ឈានដល់​ការខូចខាត​។ ដោយសារតែ​មើលឃើញ​កត្តា​សំខាន់​នៃ​ការទប់ស្កាត់​ទឹក​មិនឱ្យ​ជ្រាបចូល​រចនា​សម្ពន្ធ​នៃ​សំណង់​នេះហើយ បានជា​នៅពេល​ជួសជុល​ឡើងវិញ​នូវ​សំណង់​បុរាណ​នីមួយៗ អ្នក​ជួសជុល​តែង​យកចិត្តទុកដាក់​បំផុត ទៅលើ​ថ្ម​មួយចំនួន និង​កន្លែង​ខ្លះ ដែល​មិនល្អ​ពេញលេញ​១០០​ភាគរយ​នោះ គឺ​តម្រូវឱ្យ​បិទ​បាយអរ​នៅតាម​ចន្លោះប្រហោង​នៅតាម​ទីតាំង​ដែលមាន​បញ្ហា​ជា​ចាំបាច់​។ ក្រុម​អ្នកបច្ចេកទេស​ឱ្យដឹងថា បិទ​ផ្ជិ​ត​បាយអ​នៅតាម​មុខតំណ​នៃ​សំណង់ ដើម្បី​ការពារ​ហានិភ័យ​ទាំងអស់ ដែល​អាច​កើតឡើង​។​

​កម្មករ​ជំនាញ​ម្នាក់ ដែលមាន​បទពិសោធន៍​ប្រមាណ​៧​ឆ្នាំ​ហើយ លោក ទក ធុល អាយុ​៦១​ឆ្នាំមាន​ប្រសាសន៍ថា វត្ថុ​ធាតុ​ដែល​អាច​យកមក​ផលិត​ជា​បាយអ​បាន គឺ​ត្រូវយក​ម្សៅ​ថ្មបាយក្រៀម ម្សៅ​ឥដ្ឋ កំបោរ និង​ខ្សាច់​លាយ​ជាមួយ​ទឹក​ទៅតាម​សមាសធាតុ​ជាក់ស្តែង​។ នៅពេល​បិទ ឬ​បៀ​កវា ដើម្បីឱ្យ​ជាប់​រឹងមាំ គឺ​ត្រូវដាក់​ល្បាយ​កំបោរ​បាយអ​ដុំ​គ្រើមៗ​ជាមុន បន្ទាប់មក​ទើប​បៀក​កំបោរ​បាយអ​ម៉ដ្ឋ​ពីលើ​ម្តង​បន្តិចៗ​សង្កត់​ឱ្យ​ហាប់​ណែន​ពេញ​ចន្លោះប្រហោង​នោះ ទើប​មានគុណ​ភាពមិន​ងាយ​ទឹក​ជ្រាបចូល ព្រមទាំង​មើលទៅ​មិន​ទើស​ទាស់ភ្នែក ព្រមទាំង​លើក​សោ​ភ​ណ័​ភាព​សំណង់​មួយកម្រិត​ទៀតផង​។

​លោក ទក ធុល បញ្ជាក់ទៀតថា លោក​ធ្លាប់មាន​បទពិសោធន៍​ធ្វើ​ការងារ​ជួសជុល​ប្រាសាទ​ជាមួយ​បារាំង​ជាច្រើន​ឆ្នាំ​លើ​ផ្នែក​ដាប់​ឆ្លាក់​ក្បាច់ និង​លោក​ទទួលបាន​ចំណេះដឹង​ផ្នែក​ផលិត​កំបោរ​បាយអ និង​បិទ​បាយអ​នេះ នៅ​ច្រាំង​ក​សិន្ធុ​ខាងជើង​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត បន្ត​ពី​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ប្រមាណ​ជា​៧​ឆ្នាំ​មកហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close