ករណីសាឡង់បូមខ្សាច់បុកស្ពានបាឡេឫស្សីកែវ មនុស្សចំនួន ៣នាក់ត្រូវឃាត់ខ្លួន

ករណីសាឡង់បូមខ្សាច់បុកប៉ះស្ពានបាឡេបណ្តាលឱ្យបាក់សសរស្ពាន កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មនុស្ស៣នាក់ដែលជាអ្នក​បើក​សាឡង់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ធ្វើការ​សួរនាំ។

បើតាមសេចក្តីរាយការណ៍ ក្រោយក្រឡាប់សាឡង់ប៉ះស្ពានបាឡេកាលពីល្ងាចថ្ងៃទី២០ វិច្ឆិកា អ្នកបើកបរសាឡង់ចំនួន៣នាក់ត្រូវបានកងកម្លាំងជើងទឹកដែលប្រចាំការនៅជិត ICOC បានជួយសង្រ្គោះបានទាន់ពេលវេលា។ ក្រោយសង្គ្រោះបានភ្លាមៗអាជ្ញាធរបានបញ្ជូនអ្នកបើកបរសាឡង់ចំនួន៣នាក់ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកបើកបរសាឡង់ទាំង៣នាក់នោះត្រូវបានខាងនគរបាលជើងទឹកបញ្ជូនបន្តមកដោះស្រាយតាមនីតិវិធី។

សូម​បញ្ជាក់ថា កាលពីវេលាម៉ោង​ជិត៥ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា មានសាឡង់បូមខ្សាច់មួយបានធ្វើដំណើរមកពីខាងមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបាឡេ សាឡង់នោះបានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារខ្យល់ខ្លាំង ហើយគាប់ជួនម៉ាស៊ីនខូចទៀតទើបបណ្តាលឱ្យសាឡង់រេប៉ះស្ពានបាឡេបណ្តាលឱ្យទ្រេតសសរស្ពានចំនួន ៣ដើម។

សាឡង់នោះគេ​មិនទាន់អាចយកចេញបានភ្លាមៗនោះទេ ដោយ​អាជ្ញាធរខណ្ឌឫស្សីកែវ កំពុងតែប្រជុំរកពិធី និងបច្ចេកទេសក្នុងការទាញយកសាឡង់នោះចេញពីស្ពាន ទើបអាចឱ្យអ្នកជំនាញធ្វើការជួសជុលស្ពាននោះឡើងវិញ។ ជាមួយ​គ្នា​ស្ពានដែកបាឡេត្រូវបានផ្អាកឱ្យធ្វើចរាចរណ៍ឆ្លងកាត់ទាំងស្រុងជាបណ្តោះអាសន្នសិន ដោយរង់ចាំការទាញយកសាឡង់ចេញ និងជួសជុលស្ពានឡើងវិញទើបអាចបើកដំណើរការឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close