សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាតជាតិ​ខួប ៣០​ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​អង្គារ ១៤​រោច ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បិទ​សន្និបាតជាតិ​ខួប ៣០​ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា ដែល​ពិធី​នេះ​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។



សូម​ជំរាប​ថា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បើក​សន្និបាតជាតិ​ខួប ៣០​ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា ក្រោម​ប្រធានបទ «​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» ហើយ​នៅ​ថ្ងៃទី​២២ វិច្ឆិកា​នេះ គឺជា​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ក៏ដូចជា​បង្ហាញ​នូវ​សមិទ្ធផល​ស្នាដៃ​៣០​ឆ្នាំ នៃ​សកម្មភាព​កំចាត់មីន​នៅ​កម្ពុជា​។ ពិធី​បិទ​សន្និបាត នា​ព្រឹក​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំ​កម្ពុជា​, លោក​ឧកញ៉ា លោក លោកស្រី តំណាង​វិស័យ​ឯកជន ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​, ប្រតិបត្តិ​ករ​សកម្មភាព​មីន តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​អ្នកទទួលផល តំណាង​ជនរងគ្រោះ​ដោយសារ​មាន​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​សេចក្តី​រីករាយ​ដោយបាន​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាតជាតិ​ប្រារព្ធ​ខួប ៣០ ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា ក្រោម​ប្រធានបទ “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”​សម្តេច​តេ​ជោ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​មីន ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ល្អ ដោយ​សម្រេចបាន​សមិទ្ធ​ផល​ធំៗ​ជាច្រើន នៃ​ការងារ​សកម្មភាព​មីន​ក្នុង​រយៈពេល​៣០ ឆ្នាំ នៅ​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ជាតិ ។

​សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​ថា កម្មវិធី​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៩២ ដើម្បី​បញ្ចៀស​ការគ្រោះថ្នាក់​ដល់​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សម្រួល​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​ដោយ​សង្គ្រាម និង​ប្រែក្លាយ​ដី​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​។ កម្ពុជា​ជា​ប្រទេស​រង​ផលប៉ះពាល់​ដោយ​សង្គ្រាម និង​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព​នៅ​ឆ្នាំ ១៩៩៧ កម្ពុជា​បានក្លាយ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ក្នុង​ឆ្នាំ ២០០០ ។ ក្នុងនាម​ជា​រដ្ឋ​ភាគី នៅ​ចុងឆ្នាំ ២០១១ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នៃ​រដ្ឋ​ភាគី​លើក​ទី​១១ ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​កិច្ចប្រជុំ​មួយ​ដ៏​ល្អ និង​ប្រកបដោយ​ជោគជ័យ ក្នុង​ប្រវត្តិ​នៃ​កិច្ចប្រជុំ​របស់​ចលនា​ហាម​ការប្រើប្រាស់ មីន​ប្រឆាំង​មនុស្ស​កន្លងមក ។

បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​សកម្មភាព​មីន​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ព្រមទាំង​បានសម្រេច​ដាក់បញ្ចូល​សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ចូល​ជា​គោលដៅ​ទី ៩ នៃ​គោលដៅ​អភិវឌ្ឍន៍​- សហស​វត្សរ៍ និង​ដាក់ចូល​ជា​គោលដៅ​ទី ១៨ នៃ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ដើម្បី​រួមចំណែក ដល់​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ “​កម្ពុជា គឺជា​ប្រទេស​ដែល​គ្មាន​មីន ហើយ​ការ​គំរាម​ដោយសារ​សំណល់​ជាតិ​ផ្ទុះ ត្រូវបាន​កាត់បន្ថយ​ឱ្យនៅ​កម្រិត​អប្បបរមា និង​មានការ​អភិវឌ្ឍ​សេដ្ឋ​-​កិច្ច​សង្គម និង​ធនធានមនុស្ស​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​”​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ដោយ សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​ចំនួន ៤ ៣២០ នាក់ ក្នុង​ឆ្នាំ ១៩៩៦ មក​នៅក្រោម​ចំនួន ១០០ នាក់ ជា​មធ្យម ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល ១០ ឆ្នាំ ចុងក្រោយ​នេះ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​អនុវត្ត​គោលនយោបាយ និង​វិធានការ​មួយចំនួន សំដៅ​ជួយ​ទ្រទ្រង់​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ និង​លើកកម្ពស់​សិទ្ធិ​របស់​ជ​ន​រងគ្រោះ ព្រមទាំង​បានផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា ស្តីពី​សិទ្ធិ​របស់​ជនពិការ ដែល​បាន​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ ២០១៣ មក ។ ក្នុង​ឆ្នាំ ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាល​បាន​ឯកភាព​ឱ្យ​អាជ្ញាធរ​មីន​រៀបចំ “​សន្និសីទ​សកល​ស្តីពី​ជំនួយ​ដល់​ជនរងគ្រោះ​” នៅ​កម្ពុជា ដែល​នឹងមាន​ប្រទេស​ប្រមាណ ៣៦ ចូលរួម ។​កម្ពុ​ជាមាន​ពេល​ប្រមាណ ៣ ឆ្នាំ ទៀត ដើម្បី​បន្ត​ការ​បោសសម្អាត​មីន​សំដៅ​ឈានដល់​ការសម្រេចបាន​គោលដៅ​ចុងក្រោយ គឺ​កម្ពុជា​មិនមាន​មីន​ប្រឆាំង​មនុស្ស​ចាប់ពី​ឆ្នាំ ២០២៥ ជាមួយនឹង​ការ​គំរាម​ដោយ​សំណល់​ជាតិ​ផ្ទុះ​នឹង​ត្រូវបាន​កាត់បន្ថយ​ដល់​កម្រិត​អ​ប្បរមា ។ កម្ពុជា​បាន​ឈានទៅដល់​ការប្រកាស​ខេត្ត រាជធានី​ចំនួន ៥ គ្មាន​មីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និង​ព្រះសីហនុ ក្នុងនោះ ភូមិ​ចំនួន ១ ៧០៥ ត្រូវបាន​ប្រកាស​ជា​ភូមិ​អស់​មីន​ផងដែរ​។​

ក្នុងឱកាស​បិទ​សន្និបាត​នេះ​ផងដែរ សម្ដេច​តេ​ជោ​បាន​ផ្ដល់នូវ​ទស្សនៈ​មួយចំនួន​ដូចខាងក្រោម​៖
១-​សូម​បន្ត​កិច្ចសហប្រតិបត្តិការ​គាំទ្រ​របស់​ដៃគូ​អភិវឌ្ឍ ប្រទេស​ជា​មិត្ត វិស័យ​ឯកជន និង​សប្បុរសជន ទាំង​ផ្នែក បច្ចេកទេស ថវិកា និង​សម្ភារៈ ក្នុង​បេសកកម្ម​បោសសម្អាត​មីន​នៅ​កម្ពុជា ដើម្បី​ឈានដល់​ការសម្រេចបាន​នូវ​គោលបំណង​នៃ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ និង ការសម្រេចបាន​គោលដៅ “ កម្ពុជា​គ្មាន​មីន ” នៅត្រឹម​ឆ្នាំ ២០២៥ ។
២-​ក្រសួង ស្ថាប័ន​ដែលមាន​គម្រោង​អភិវឌ្ឍ​ថ្នាក់ជាតិ​ពាក់ព័ន្ធ​នឹង​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មីន ដើម្បី​កំណត់​វិធីសាស្ត្រ​បោសសម្អាត​មីន​សមស្រប និង​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ឱ្យបាន​ថា ប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ អនុលោម​ទៅតាម​បទ​ប្បញ្ញត្តិ គុណភាព សុវត្ថិភាព និង​ស្តង់ដារ​នៃ​ការ​បោសសម្អាត ។​
៣-​សូម​លើកទឹកចិត្ត​ដល់​ក្រសួងសុខាភិបាល និង ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​សុខា​- ភិ​បាល និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ប្រកបដោយ​វិជ្ជាជីវៈ​ដល់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន ។​
៤-​អាជ្ញាធរ​មីន​ត្រូវ​កែសម្រួល​ឯកសារ​គតិយុត្ត និង​ធ្វើ​សុខដុម​នីយកម្ម​រចនា​សម្ព័ន្ធ​នៃ​ការគ្រប់គ្រង​សកម្មភាព​មីន ដើម្បី​ដោះស្រាយ​បញ្ហា​គំរាម​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ និង​ត្រូវ​បន្ត​អនុវត្ត “​យន្តការ​ភូមិ​អស់​មីន​” ឱ្យបាន​ជោគជ័យ ។​
៥-​សូម​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មីន ក្នុងការ​ពង្រឹង​បន្ថែម​លើ​ការងារ​គ្រប់គ្រង​វិស័យ​សកម្មភាព​មីន និង​ការបញ្ជូន​កម្លាំង​ដែលជា​ជនជាតិខ្មែរ ក្នុង​វិស័យ​សកម្មភាព​មីន​ទៅ​ក្រៅប្រទេស ព្រមទាំង​ត្រូវធ្វើ​ការសិក្សា​តាម​លក្ខណៈ​បច្ចេកទេស​ជាក់ស្តែង​អំពី​លទ្ធភាព​កាត់បន្ថយ​ផ្ទៃដី ដែល​មានការ​គំរាម​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ សំដៅ​ធានា​សុវត្ថិភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល នៃ​ការអនុវត្ត​ការងារ​ដ៏​មាន​សារៈសំខាន់​នេះ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មីន កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការ​សកម្ម​ភាព​មីន​រាជធានី ខេត្ត និង​ក្រុមការងារ​រៀបចំ​ផែនការ​សកម្មភាព​មីន​សម្រាប់​កិច្ច សហការ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​សម្រេចបាន​សមិទ្ធ​ផល​ដ៏​ត្រចះត្រចង់​ជូន​ជាតិ​មាតុភូមិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close