សត្វ​កែះ​មួយ​ក្បាល ត្រូវបាន​ជួយសង្គ្រោះ នៅក្នុង​ខេត្តបាត់ដំបង

កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​ប្រជាពលរដ្ឋ ក្រោយពី​ត្រូវ បាន​ជាប់អន្ទាក់ របស់ ព្រាន និង​ដេញចាប់​ប្រផាប់​ប្រ​ភីង​ដោយ​ក្រុម​ព្រានព្រៃ​។ សត្វ​កែះ​នេះ បាន​ធ្លោះ​ចង្កេះ របួស​ជើង និង​សន្លប់ ក្រោយ​ធ្លាក់​ពីលើ​ជ្រោះ​ហើយ ក្រុម​ព្រាន​បាន​រត់គេចខ្លួន​។ សត្វ​កែះ​នេះ​កំពុង​ត្រូវបាន​ថែរក្សា ការពារ​ដោយ​មន្ត្រី​ឧទ្យាន​រុ​ក្ស​»​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​។

​ឯកឧត្តម​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ ក្រុម​អ្នកជំនាញ ពេទ្យសត្វ​នៃ​អង្គការ​សម្ព័ន្ធមិត្ត សត្វព្រៃ Wildlife Alliance បាននិងកំពុង​ធ្វើដំណើ​រ​ទៅ​ជួយសង្គ្រោះ​សត្វ​កែះ​មួយ​ក្បាល​ដែល​រងរបួស​នេះ​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន​បាន​ថ្លែងថា សត្វ​កែះ​ជា​ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក និង​ត្រូវបាន​កត់សម្គាល់ថា​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា ដែល​នេះ​គឺជា​ការផ្តល់​នូវ​ទិន្នន័យ​មួយ​យ៉ាងសំខាន់​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​នៅ​កម្ពុជា​ក៏ដូចជា​សម្រាប់​ពិភពលោក​ទាំងមូល​។

​ឯកឧត្តម​បាន​ថ្លែងថា ក្រុម​អ្នកស្រាវជ្រាវ​មិនទាន់មាន​ទិន្នន័យ​ពិតប្រាកដ​ពី​ចំនួន​សត្វ​កែះ​ដែល​រស់នៅ​កម្ពុជា​ទេ ក៏ប៉ុន្តែ​សត្វ​កែះ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​បំផុត​ដោយសារតែ​ជា​សត្វ​កម្រ​។​ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ សត្វ​កែះ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ពូជ ដោយសារតែ​ការ​បរបាញ់ ការដាក់​អន្ទាក់ និង​ការបាត់បង់​ទីជម្រក​។ អ្វីដែល​ធ្វើឱ្យ​សត្វ​កែះ​រងគ្រោះ​ខ្លាំង​ដោយសារតែ​ការ​ប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​ក្នុង​ការជួញដូរ​ដោយសារតែ​ជំនឿ​»​។ ឯកឧត្តម​បាន​គូស​បញ្ជាក់ដែរថា ដោយសារតែ​កែះ​ជាស​ត្វ​មាន​ភាពរហ័សរហួន និង​ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់ ដូច្នេះ​គេ​កម្រ​នឹង​ជួបប្រទះ​វា​ណាស់​។ រដូវ​បន្ត​ពូជ​របស់​សត្វ​កែះ​មាននៅ​ខែតុលា និង​ខែធ្នូ ហើយ​កើត​បានកូន ១ ជួនកាល​ភ្លោះ​មាន​ដោយ​កម្រ បន្ទាប់ពី​ពពោះ ៧ ខែ​។ កូន​របស់​វា​រស់នៅ​ជាមួយ​មេ​វា​ស្ទើរ​ពេញ ១ ឆ្នាំ​ទើប​ចាកចេញ​។

​យោងតាម​ការសិក្សា សត្វ​កែះ​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែង​ស្តើង វា​មាន​ដងខ្លួន​ខ្លី ហើយ​ជើង​ទាំង ៤ របស់​វា​វែង​។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ មាន​ពណ៌​ចម្រុះ​ខ្មៅ ប្រផេះ លឿង​។ នៅលើ​ពំនូក​ក្បាល​ដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែងៗ​សណ្ឋាន​ដូចជា​ប្រែង​។ ​សត្វ​នេះ​មាន​ស្នែង​ដូច​សត្វ​ពពែ​ដុះ​កោង​ទៅក្រោយ​បន្តិច ប្រវែង​ប្រហែល ២៨០ មិ​ល្លី​មែត្រ ពណ៌​ខ្មៅ និង​មាន​គន្លាក់ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់​។ រីឯ​កន្ទុយ​ខ្លី មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។ តាម​ការសិក្សា​ចំពោះ​ជីវសាស្ត្រ​វិញ សត្វ​កែះ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់ៗ​ដែលមាន​គម្រប​ព្រៃ និង​មាន​ស្រទាប់​រុក្ខជាតិ​ថ្នាក់ក្រោម​ច្រើន​។

សត្វ​កែះ​មាន​ជើង​យ៉ាង​ចំណាប់​ក្នុង​ការដើរ​ឡើង​តាម​ផ្ទាំង​ថ្ម​ចោតៗ​។ នៅពេល​ថ្ងៃ​វា​ចូលចិត្ត​សម្រាក​តាម​គុម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី នៅពេល​ព្រលឹម ឬ​ក្បាល​ព្រលប់​។ វា​ចូលចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ​។ សត្វ​កែះ​ចូលចិត្ត​យក​រូងភ្នំ​រាក់ៗ​ធ្វើជា​ទីជម្រក​របស់​វា​ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា ដោយសារ​គំនរ​លាមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close