ឯកឧត្តម សាយ សំ​អាល់​៖ ការសិក្សា​លើ​ទិន្នន័យ​នៃ​ការប្រើប្រាស់​ដី គឺ​ដើម្បី​ដឹង​ឱ្យបាន​ច្បាស់លាស់ ពី​កម្រិត​នៃ​ការប្រើប្រាស់​ដី​នៅ​កម្ពុជា

​ភ្នំពេញ​៖ ទិន្នន័យបឋម​នៃ​ការប្រើប្រាស់​ដី​ឆ្នាំ​២០២២ ដែល​អ្នកជំនាញ​បាន​សិក្សា​និង​ស្រាវជ្រាវ​ចងក្រង​ត្រូវបាន​ផ្សព្វផ្សាយ​ជូន​ដល់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​នានា ក្នុង​គោលបំណង ដើម្បី​ជម្រាបជូន​ពី​ទិន្នន័យ​លម្អិត​នៃ​ការប្រើប្រាស់​ដី​នៅ​កម្ពុជា និង​ប្រមូល​នូវ​ធាតុ​ចូល​បន្ថែម​ដើម្បី​ធ្វើឱ្យ​ទិន្នន័យ​ដែល​ប្រមូលបាន​កាន់​តែមាន​ភាពត្រឹមត្រូវ​កាន់តែខ្លាំង និង​បម្រើ​ផលប្រយោជន៍​ដល់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី​របស់ខ្លួន​។

​ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​មួយ​ដែល​បានរៀបចំ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ទី​៣ របស់ ព្រឹទ្ធសភា​និង​រដ្ឋសភា តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ទិន្នន័យបឋម​នៃ​ការប្រើប្រាស់​ដី​ឆ្នាំ​២០២២ នេះ​គឺ​បាន​សិក្សា​លម្អិត​ពី​ផ្ទៃដី​ទាំងអស់​របស់​កម្ពុជា ដោយ​ចែកចេញជា ២១ ប្រភេទ​ដូចជា​ផ្ទៃដី​ដំណាំ​ស្រូវ ដំណាំ​កៅស៊ូ ដំណាំ​ស្វាយចន្ទី ការបែងចែក​ប្រភេទ​ព្រៃ និង​ដី​ដំណាំ​ផ្សេងៗ​ទៀត​។

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា ការសិក្សា​លើ​ទិន្នន័យ​នៃ​ការប្រើប្រាស់​ដី​នេះ​គឺ​ដើម្បី​ដឹង​ឱ្យបាន​ច្បាស់លាស់​ពី​កម្រិត​នៃ​ការប្រើប្រាស់​ដី​នៅ​កម្ពុជា​ដែល​នឹងមាន​សារៈប្រយោជន៍​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នានា​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានប្រកាសថា​នឹង​ផ្តល់​ទិន្នន័យ​ស្រាវជ្រាវ​បាន​នេះ​ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បម្រើ​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​សង្គម សេដ្ឋកិច្ច បរិស្ថាន និង​វិស័យ​ពាក់ព័ន្ធ​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close