ជាលើកដំបូងអង់គ្លេស ប្រកាសបញ្ជូនឧទ្ធម្ភាគចក្រឱ្យអ៊ុយក្រែន
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស នៅថ្ងៃពុធនេះបានប្រកាសថា ទីក្រុងឡុងដ៍កំពុងបញ្ជូនឧទ្ធម្ភាគចក្រឱ្យអ៊ុយក្រែន ជាលើកដំបូងបំផុត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី។
ប្រមុខការពារជាតិអង់គ្លេស Ben Wallace បានប្រាប់ថា ឧទ្ធម្ភាគចក្រ Sea Kings សរុបចំនួន៣គ្រឿង នឹងត្រូវប្រគល់ឱ្យទៅអ៊ុយក្រែន ក្នុងនោះ១គ្រឿងបានទៅដល់រួចហើយ។ បើតាមលោក វ៉លឡេស ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ក្រុមវិស្វករនិងទាហានអ៊ុយក្រែន បានទទួលការហ្វឹកហាត់ នៅក្នុងទឹកដីចក្រភពអង់គ្លេស ដើម្បីរៀនហោះហើរនិងជួសជុលថែទាំ ឧទ្ធម្ភាគចក្រទាំងនេះ ដែលប្រើប្រាស់សម្រាប់បេសកកម្មរុករក និងជួយសង្គ្រោះ។
លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានបន្តថា ក្រៅពីឧទ្ធម្ភាគចក្រ ទីក្រុងឡុងដ៍ក៏នឹងផ្តល់គ្រាប់កាំភ្លើងធំ ១០,០០០គ្រាប់បន្ថែមដល់ ទីក្រុងកៀវទៀតផង។ លោក វ៉លឡេស បានធ្វើការប្រកាសដូចខាងលើ ចេញពីទីក្រុងអូស្លូនៃប្រទេសន័រវែស ជាកន្លែងដែលលោកជួបប្រជុំ ជាមួយបណ្តាប្រទេសជាសម្ពន្ធមិត្ត ដើម្បីពិភាក្សាអំពីការបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។
កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ បានយកឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីសន្យាពីកញ្ចប់ជំនួយយោធាថ្មីទំហំ ៥០លានផោន (៦០លានដុល្លារអាមេរិក) ដែលរួមមានទាំងកាំភ្លើងយន្តប្រឆាំងយន្តហោះចម្បាំង ហើយនិងបរិក្ខារសម្រាប់ប្រឆាំងដ្រូន។ កាលពីពេលកន្លងទៅ ក្នុងខែវិច្ឆិកានេះ អង់គ្លេសក៏បានប្រកាសពី គម្រោងផ្តល់មីស៉ីលបាញ់ពីដីទៅអាកាសបន្ថែម ១,០០០គ្រាប់ដល់អ៊ុយក្រែន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។