រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់វិស័យឯកជន បន្តពង្រីកការវិនិយោគ លើដំណាំអាទិភាពផ្សេងទៀត នៅកម្ពុជា
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែលនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអមដំណើរ បានបន្តដំណើរចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន ឡងមេត(Long Mate Agriculture Co.,Ltd) ដែលមានទីតាំងនៅស្រុកឈូក ខេត្តកំពត ។
ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ យ៉ាងណាមិញ ក្នុងដំណើរការនៃផលិតកម្មដំណាំចេកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យឃើញថា ក្រុមហ៊ុនបានផ្តល់ការងារនៅនឹងកន្លែដល់ប្រជាជន កាត់បន្ថយការធ្វើចំណាកស្រុក បង្កើនប្រាក់ចំណូល និងជួយឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ។
ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្រសួងបានគាំទ្រ និងនៅតែបន្តការផ្តល់សេវាបច្ចេកទេស និងសម្របសម្រួលឱ្យមានស្តង់ដារក្នុងការនាំចេញកសិផលកម្ពុជាលើទីផ្សារអន្តរជាតិ ។ ទៅថ្ងៃអនាគត ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជនបន្តពង្រីកការវិនិយោគលើដំណាំអាទិភាពផ្សេងទៀត នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។