សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាច្រើនរូបទៀត។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ គ្រោងធ្វើឡើងតាំងតែពីចុងឆ្នាំ២០២០មកម្ល៉េះ ក៏ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានពន្យាពេលមួយរយៈ។ យ៉ាងណាក៏ដោយ សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ដែលបានខិតខំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសេចក្ដីព្រាងផែនការជាតិនេះឡើង។
សម្ដេចប្រធាន គ.ស.ច.គ បានសម្ដែងការពេញចិត្តចំពោះផែនការនេះ ដ្បិតមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា។ សម្ដេចបានឯកភាពចំពោះយោបល់ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ។ សម្ដេចក៏បានជំរុញឱ្យខិតខំបន្ថែមទៀតក្នុងការជំរុញការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ថ្លែងថាផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាផែនការសកម្មភាពរយៈពេល១០ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ និងជាផែនការជាតិលើកទី២ បន្តពីលើកទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ ផែនការនេះ ជាឧបករណ៍រួមចំណែកសម្រេចជោគជ័យនូវយុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកជំទាវបន្តថា ផែនការជាតិនេះ បានសម្របសម្រួលទៅតាមផែនការសកម្មភាពអង្គការសហប្រជាជាតិ (UN) ផ្អែកតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងស្របតាមការវិវត្តន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ ជាពិសេសវិស័យពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជាអត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភវិឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា។
របាយការណ៍ឱ្យដឹងថា ផ្នែកសំខាន់នៃផែនការជាតិទសវត្សរ៍សុត្ថភាពចរាចណ៍ផ្លូវគោកលើកទី២ មានគោលបំណងកាត់បន្ថយអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយនៅឆ្នាំ២០៣០ ដោយផ្ដោតលើគោលដៅសំខាន់២ រួមមាន ទី១.កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២.បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកលើសរសរស្ដម្ភចំនួន៦។
សរសរស្ដម្ភទាំង៦នោះ ត្រូវបានលោកជំទាវ មឹន មាណវី រាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំថា ទី១.ការពង្រឹងយន្តការគ្រប់គ្រងនិងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ២.ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ, ៣.ពង្រឹងការអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ៤.ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់, ៥.ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់ និងទី៦.ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត។
សូមបញ្ជាក់ថា យុទ្ធសាស្ត្រនៃផែនការនេះបានកំណត់គោលដៅជាក់លាក់លើរាជធានី និងខេត្តមានស្លាប់ និងរបួសច្រើន រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្តកំពត ដោយផ្ដោតលើមូលហេតុនាំឱ្យមានគ្រោះថ្នាក់ ដូចជាការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។