ក្រសួងសាធារណការត្រៀមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់នៅឆាប់ៗនេះ
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ស្តីពីការត្រៀមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣៣,៤៥គីឡូម៉ែត្រនៅថ្ងៃខាងមុខឆាប់ៗនេះ។
ក្នុងកិច្ចប្រជុំនោះ ក្រសួងសាធារណការ ពិភាក្សាអំពីការស្វែងរកទីតាំងសមស្របដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពានទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃខាងមុខនេះ។
គូសបញ្ជាក់ថា ក្រសួងសាធារណការ គ្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង ១៦,២០គីឡូម៉ែត្រ។
បើតាមក្រសួងសាធារណការ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះគ្រោងចំណាយថវិកាចំនួន ១១១,៩៨លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងប្រើពេលសាងសង់ប្រមាណ ៤២ខែ ដែលសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានជាអ្នកត្រួតពិនិត្យគុណភាពនៃដំណើរសាងសង់គម្រោងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។