រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចរចាអន្តរក្រសួង ដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចា ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាជុំទី១នៃកិច្ចព្រមព្រៀង CAM-UAE CEPA កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងលទ្ធផលជាផ្លែផ្កា និងវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាជំពូកនីមួយៗ រួមមាន៖ ពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម-ល- ដើម្បីអាចទាញប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាពីកិច្ចព្រមព្រៀង CAM-UAE CEPA ក្នុងបុព្វហេតុអភិវឌ្ឍន៍និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំជូនក្រុមការងារចរចា ឱ្យបន្តខិតខំចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះតាមការគ្រោងទុក សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។ គួរបញ្ជាក់ថា៖ ការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA នឹងគ្រោងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ នៅកម្ពុជា នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។