កម្ពុជា នឹង​នាំ​ប្រតិភូ​អន្តរជាតិ​ជាង ១២០​នាក់ ទៅ​ទស្សនកិច្ច​នៅ​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​

​ព្រះសីហនុ​៖ កម្ពុជា​គ្រោង​រៀបចំ​ទស្សនកិច្ច​ជូន​ប្រតិភូ​អន្តរជាតិ​ដែល​មក​ចូលរួម «​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សាកលលោក​» ទៅកាន់​គោលដៅ​ឆ្នេរសមុទ្រ​កោះ និង​សហគមន៍​អេកូ​ទេសចរណ៍​មួយចំនួន នៅ​តំបន់ឆ្នេរ សមុទ្រ​កម្ពុជា ដើម្បី​បង្អួត​គោលដៅ​ទេសចរណ៍​កម្រិត​ខ្ពស់​របស់ខ្លួន និង​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​នា​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។​

​ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​នៅលើ​ពិភពលោក និង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​

​សន្និបាត​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សាកលលោក​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២ អម​ជាមួយ​ពិធីបុណ្យ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​ទទួល​ប្រតិភូ​អន្តរជាតិ​សរុប​ជាង​១២០​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​នៅក្នុង​អង្គប្រជុំ​ត្រៀម​ការងារ​ទាំងនោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ជំរុញ​ក្រុមការងារ​បច្ចេកទេស​ត្រូវ​រៀបចំ​ឱ្យមាន​ទស្សនកិច្ច ទៅកាន់​គោលដៅ​ទេសចរណ៍​ប្រណីត​នៅតាម​គោលដៅ​ឆ្នេរសមុទ្រ កោះ និង​សហគមន៍​អេកូ​ទេសចរណ៍​។​

​ឯកឧត្ដម ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​ជំរុញ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានលើកឡើង​អំពី​គោលដៅ​សំខាន់ៗ​ដែល​គ្រោង​នឹង​រៀបចំ​ទស្សនកិច្ច​ជូន​ប្រតិភូ​អន្តរជាតិ​ខាងលើ ក្នុងនោះ​រួមមាន​ដូចជា​កោះរ៉ុង កោះ​ឋានសួគ៌ កោះ​សង្សារ កោះក្របី កោះ​ឫស្សី សហគមន៍​អេកូ​ទេសចរណ៍​ពាម​ក្រសោប នៅ​ខេត្តកោះកុង ក៏ដូចជា​ឆ្នេរសមុទ្រ​នានា​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ឯកឧត្ដម ជុក ជំនោរ បាន​បន្តថា ប្រតិភូ​ដែល​បាន​បញ្ជាក់ថា​នឹងចូលរួម​ក្នុង​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សកលលោក​នេះ គឺមាន​មកពី​ប្រទេស​វៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ី​ស្រា​អែល បារាំង អេ​ស្ប៉ា​ញ ព័រទុយហ្កាល់ កាណាដា ប្រេ​ស៉ី​ល ម៉ា​រ៉ុ​ក កូត​ឌី​វ័រ ម៉ូ​សំ​ប៊ិក សេ​ណេ​ហ្កា​ល់ អង់​ហ្គោ​ឡា និង​ប្រទេស​ក្នុង​តំបន់​សមុទ្រ​ការី​បង់ (Caribbean Sea)​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់​សារសំខាន់​ថា «​ក្នុងដំណាក់កាល​ស្ដារ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ គឺ​មានតែ​គោលដៅ​ឆ្នេរសមុទ្រ កោះ និង​សហគមន៍​អេកូ​ទេសចរណ៍​នេះ​ទេ ដែល​ដើរតួ​សំខាន់​ក្នុងការ​ទាក់ទាញ​និង​ទទួលភ្ញៀវ​ទេសចរ​បាន​ច្រើន​»​។​

​ឯកឧត្ដម ថោង ខុន បានឱ្យដឹង​ទៀតថា កាលណា​កម្ពុជា​រៀបចំ​ទស្សនកិច្ច​ទៅកាន់​គោលដៅ​ទេសចរណ៍​ទាំងនោះ​បានល្អ នោះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ទាំងមូល​យ៉ាង​ប្រសើរ​បំផុត ពីព្រោះ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​នៅលើ​សាកលលោក​គឺមាន​សមាជិក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើនណាស់ ហើយក៏​ដូចជា​ទីភ្នាក់ងា​រ​មួយ​ក្នុងការ​ផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញ​ទៅកាន់​ភ្ញៀវទេសចរ​បាន​មាន​ប្រសិទ្ធភាព បានន័យថា ប្រសិនបើ​ក្លិប​ឆ្នេរ​នេះ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ទៅកាន់​ភ្ញៀវទេសចរ នោះ​នឹង​ជួយ​បង្កើន​ការ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែច្រើន​ទៀត ពោលគឺ​ឱកាស​នេះ​គឺជា​ឱកាស​ពិសេស​ខ្លាំងណាស់​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន និង​ឯកឧត្ដម​អភិបាលខេត្ត គួច ចំរើន លើ​ការរៀបចំ​បណ្ដាញ​ទស្សនកិច្ច ពេលវេលា មធ្យោបាយ ការ​ការ​រពារ​សន្តិសុខ ស្បៀងអាហារ ខ្លឹមសារ​ឧទ្ទេសនាម ក៏ដូចជា​ការបញ្ជ្រាប​ខ្លឹមសារ​ផ្សព្វផ្សាយ​បន្ថែម​ជូន​ប្រតិភូ​អន្តរជាតិ​ទាំងនោះ​ផងដែរ​។​

​គួរ​ជម្រាប​ថា ព្រឹត្តិការណ៍​នៃ​សន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ពិធីបុណ្យ​សមុទ្រ​នឹង​បង្ហាញ​ពី​សមត្ថភាព​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងពេល​កន្លងមក ទាំង​ការគ្រប់គ្រង​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​សមិទ្ធផល​និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក្នុង​មូលដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close