ក្រសួងទេសចរណ៍ អំពាវនាវកុំឱ្យដំឡើងថ្លៃសេវាកម្មទេសចរណ៍ ក្នុងពេលប្រឡងបាក់ឌុបខាងមុខ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍សូមកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ។
គួរជម្រាបថា ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ដូច្នេះអនុរក្សនិងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីលំនៅដ្ឋានបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡងនោះ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បានអំពាវនាវជាមុនចំពោះប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេសចំពោះសេវាស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មេត្តាបង្កលក្ខណៈងាយស្រួលកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្សនិងសិស្សានុសិស្សក្នុងពេលប្រឡងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។