បង្ហាញមុខស្ត្រី ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង ៥គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការបង្ហាញខ្លួនស្ត្រី ជាជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជាង ៥គីឡូក្រាម នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង១០ និង៣០នាទី កម្លាំងជំនាញ(ក១១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ ,លោក ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ , លោកវរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួល ផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ២នាក់: ទី១: ឈ្មោះ ស៊ិន សារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។ និងទី២-ឈ្មោះ នាក់ ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀន ជាប្រភេទមេតំហ្វេតាមីន (ICE)ចំនួន ៥ដុំធំ ស្មើទម្ងន់ ៥ គ.ក្រ ៥៨៦ ក្រាម។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងចាប់យកបាន សមត្ថកិច្ចជំនាញ កំពុងតែកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។