កម្ពុជាគ្រោងកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក និងអាយុកាលរថយន្តដែលអនុញ្ញាតឲ្យបើកបរ
ក្នុងកិច្ចប្រជុំ «ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំបន្ត ឆ្នាំ២០២១-២០៣០» ដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានជំរុញឱ្យមានការកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក។
ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានផ្តល់នូវមតិយោបល់ សំដៅចូលរួមក្នុងសសរស្តម្ភនៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្នុងនោះ រួមមាន៖ ជំរុញការផ្លាស់ប្ដូរផ្លាកលេខឡានដែលគ្មាន QR Code ពង្រឹងនីតិវិធីនៃការប្រឡងយកបណ្ណបើកបរ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងបញ្ចូលការងារកញ្ចប់ថវិកាទាក់ទងនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ និងបរិក្ខាត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកាជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហាញការគាំទ្រឱ្យពិនិត្យលទ្ធភាពលើករណីកំណត់អាយុកាលនៃរថយន្តមួយទឹកសម្រាប់នាំចូល និងកំណត់អាយុកាលនៃរថយន្តដែលអនុញ្ញាតឱ្យបើកបរ។
សម្តេចក្រឡាហោម ក៏លើកទឹកចិត្តឱ្យមានការពង្រឹងសមត្ថភាពមន្ត្រីជំនាញលើការងារអនុវត្តច្បាប់ រឹតបណ្តឹងការផ្ទេរក្របខណ្ឌការងារពីមន្ត្រីស៊ីវិល មកជាកងកម្លាំងសមត្ថកិច្ច និងតម្រូវឱ្យមានការធ្វើតែស្តសុខភាព ជាពិសេសតេស្តរកសារធាតុញៀន មុនពេលចូលបម្រើការងារ និងលើកកម្ពស់សមត្ថភាព និងគុណភាព ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តច្បាប់ ដែលវានឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សផងដែរ។
សូមបញ្ជាក់ថា ពង្រាង «ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០»នេះ ជាផែនទីបង្ហាញផ្លូវ ដើម្បីទប់ស្កាត់កាត់បន្ថយអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ -២០៣០ គឺជាផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ -២០២១ ដែលបានអនុវត្តរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។