ប្រធានាធិបតី ជំនាន់​ទី​បី​របស់​ចិន លោក Jiang Zemin បានទទួល​មរណភាព ក្នុង​វ័យ​៩៦​ឆ្នាំ​

​នៅ​ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ផ្សាយ​ថា​ថា អតីត​ប្រធានាធិបតី​ចិន លោក Jiang Zemin បានទទួល​មរណ​ភា នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ក្នុង​អាយុ ៩៦ ឆ្នាំ​។​

​ព័ត៌មាន​ខាងលើ​ត្រូវ​បានផ្តល់​ដោយ​គណៈកម្មាធិការ​កណ្តា​ល​នៃ​បក្សកុម្មុយនិស្ត​ចិន (CPC) គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ជាតិ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (PRC) ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន គណៈកម្មាធិការ​ទូទៅ​…​។​

​លោក Jiang Zemin គឺជា​មេដឹកនាំ​ជំនាន់​ទី​បី​នៃ​បក្សកុម្មុយនិស្ត​ចិន​។ លោក​បាន​បម្រើការ​ជា​អគ្គលេខា​បក្សកុម្មុយនិស្ត​ចិន​រយៈពេល ១៣ ឆ្នាំ (1989-2002) និង​ជា​ប្រធានាធិបតី​ចិន​រយៈពេល ១0 ឆ្នាំ (1993-2003)​។ ពី​ឆ្នាំ 1989-2004 លោក​បាន​បម្រើការ​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៉ី​ន​ហួរ បានប្រកាសថា លោក ជាំ​ង ហ្សេ​មីន បានទទួល​មរណភាព ដោយសារ​ជំងឺមហារីក​គ្រាប់​ឈាម បូករួម​ជាមួយ​ការខូចខាត​សរីរាង្គ​ខាងក្នុង​ជាច្រើន នៅឯ​ទីក្រុង​សៀង​ហៃ កាលពី​វេលា​ម៉ោង​១២​និង​១៣​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​វ័យ​៩៦​ឆ្នាំ​។​

​នៅពេល​លោក ជាំ​ង ឡើងជា​មេដឹកនាំ​ចិន​ជំនួស​លោក តេង សៀវ​ពីង (Deng Xiaoping) កាលពី​ឆ្នាំ​១៩៨៩ ប្រទេស​ចិន​គឺ​កំពុង​ស្ថិតនៅ​ដំណាក់កាល​ដំបូងៗ នៃ​ការធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​នៅឡើយ​ទេ​។ ប៉ុន្តែ​ដល់ពេល​ដែល​រូបលោក ចូលនិវត្តន៍​ក្នុងនាម​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០៣ ចិន​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ទីក្រុង​ប៉េកាំង ធានាបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០០៨ ពោលគឺ​ប្រទេស​ចិន​កាន់តែ​ខិតជិត​ឋានៈ​ជា កំពូល​មហាអំណាច​មួយ​របស់​ពិភពលោក រួចស្រេច​ទៅហើយ​។​

​លោក ជាំ​ង ហ្សេ​មីន មាន​តំណែង​ជា​អគ្គលេខាធិការ នៃ​គណ​បក្សកុម្មុយនិស្ត​ចិន​ចាប់ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​២០០២, ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ចាប់ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​២០០៤ និង​ជា​ប្រធានាធិបតី​ចិន ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៣​។ លោក ជាំ​ង បានទទួល​មរណភាព ដោយ​បន្សល់ទុក​នូវ​ភរិយា គឺ​លោកស្រី វ៉ាង យេ​ពីង (Wang Yeping) ហើយ​និង​កូនប្រុស​២​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close