សម្ដេច​តេ​ជោ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

​ភ្នំពេញ​៖ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២) ។​

​សម្ដេច​តេ​ជោ បាន​លើកឡើងថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ ១៩៧៩ ។

​សម្ដេច​បន្តថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។

​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស ប្រជាជន​គ្រប់ទិសទី​បាន​ក្រោកឈរ​រួបរួមគ្នា ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពី​មិ​ត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា មហា​ជ័យជម្នះ ៧ មករា ១៩៧៩ បា​នប​ពា្ច​ប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស​ដើម្បី​ស្ដារ​កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ​។ ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧ មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ «​នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close