ខ្លោងទ្វារ​ទន្លេ​អុំ ជាទី​ទាក់ទាញ​អ្នកទេសចរ​គ្រប់រូប ដែល​មិនអាច​រំលង​បាន​

​ខ្លោងទ្វារ​ទន្លេ​អុំ​ទិស​ខាងត្បូង គឺជា​ខ្លោងទ្វារ​មួយ​ក្នុងចំណោម​ខ្លោងទ្វារ​ទាំង​៥​នៃ​ច្រកចេញចូល​សំខាន់​របស់​ក្រុង​អង្គរធំ ដែលជា​ផ្លូវ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​វង់​តូច​និង​វង់​ធំ​ផង​។ កំពូល​ខ្លោងទ្វារ ដែលមាន​រូបព្រហ្ម​មុខ​បួន​ខ្ពស់ត្រដែត​ញញឹម​ពព្រាយ អមដោយ​ចម្លាក់​ទេវតា​និង​អសុ​រៈ​ទាញព្រ័ត្រ​យ៉ាង​ស្វាហាប់ ម្ខាងៗ​មាន​ចំនួន​៥៤ នៅ​អម​កំពែង​ក្រុង​ព័ទ្ធជុំវិញ​ដោ​យក​សិន្ធុ​ទឹក​នេះ​មាន​សោភ័ណ​ល្អ​ឯក ទាក់ចិត្ត​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង គឺ​នៅពេល​គេ​ធ្វើដំណើរ​មកដល់​ទីនោះ មិនអាច​ហួស​រំលង​ទេ​ដោយ​គេ​តែងតែ​ចុះមក​ទស្សនា​ស្វែងយល់ និង​ថត​យក​រូបភាព​មិនដែល​ខាន​។​

​ប្រធាន​ក្រុម​ភ្នាក់ងារ​ទេសចរ ប្រចាំ​គោលដៅ​ខ្លោងទ្វារ​ទន្លេ​អុំ លោក ខឿន កុសល ឱ្យដឹងថា ក្រោយពី​ចំនួន​ភ្ញៀវទេសចរ បាន​កើន​ឡើងវិញ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ខ្លោងទ្វារ​ទន្លេ​អុំ​មាន​ភាព​មមាញឹក​ខ្លាំង​។ ក្នុង​មួយថ្ងៃៗ​យ៉ាងហោចណាស់​ក៏មាន​ភ្ញៀវទេសចរ​លើសពី​១​ពាន់​នាក់​។ លោក កុសល បន្តថា ដោយសារ​ខ្លោងទ្វារ​ទន្លេ​អុំ​ជា​ច្រកចេញចូល​សំខាន់​នៃ​ក្រុង​អង្គរធំ និង​ជា​ផ្លូវ​សម្រាប់​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ វង់​តូច និង​វង់​ធំ​ផង​នោះ ចរាចរណ៍​មានការ​មមាញឹក​ខ្លាំង​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ក្រុមការងារ​បាន​សហការ​ណ៍​ជាមួយ​ភ្នាក់ងារ​សណ្តាប់ធ្នាប់ សម្រួល​ចរាចរណ៍​និង​រក្សា​សណ្តាប់ធ្នាប់​នៅ​ទីនោះ ឱ្យមាន​ភាពប្រសើរ ដោយ​ធ្វើយ៉ាងណា​ជៀសវាង​ការកកស្ទះ សម្រួល​ឱ្យ​លំហូរ​ទស្សនា​របស់​ភ្ញៀវ​បាន​រលូន មិន​រំខាន​ដល់​ការ​ទស្សនា​របស់​ទេសច​រ​ឡើយ​។​

​អាជ្ញាធរ​ជាតិ​អប្សរា ក៏​សំណូមពរ​ដល់​ភ្ញៀវទេសចរ ដែល​បានមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​ទាំងឡាយ សូម​ចូលរួម​គោរព​នូវ​ក្រម​ប្រតិបត្តិ​អង្គរ​ទាំងអស់គ្នា ដោយ​កុំ​ស្លៀកពាក់​សម្លៀកបំពាក់​ខើច​ខ្លី​ពេក ដែល​មិន​ស័ក្តិសម​នឹង​ទីតាំង​នៃ​បូជនីយេសក៍ ពិសេស​ប្រាង្គ​ប្រាសាទ​។ មួយវិញទៀត សូម​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ម៉ូតូ​កង់​បី មេត្តា​ចត​យានជំនិះ ទៅតាម​កន្លែង​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ជូន ដើម្បី​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​របស់​យើងទាំងអស់គ្នា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close