រដ្ឋមន្ត្រីក្រសួង​អប់រំ ចូលរួម​បើក​ហឹប​វិញ្ញាសា នៃ​ការប្រឡង​បាក់​ឌុប ដែល​ចាប់ផ្តើម​នា​ព្រឹក​នេះ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) បានចាប់ផ្តើម​ហើយ​នា​ព្រឹក​ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ​២០២២​នេះ ដោយ​ក្នុងនេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចូលរួម​បើក​ហឹប​វិញ្ញាសា​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នង​រាជធានី​ភ្នំពេញ ។

​គួរ​បញ្ជាក់ថា ការប្រឡង​ដែល​បានចាប់ផ្តើម​នា​ព្រឹក​នេះ​គេ​ឃើញ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បើក​ហឹប​វិញ្ញាសា​នៅតាម​បន្ទប់​ប្រឡង​សម្រាប់​ព្រឹក​ថ្ងៃទី​១ នៃ​ដំណើរការ​សំណេរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅតាម​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ត្រួតពិនិត្យ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ចូលរួម ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត មាន​បិទ​ស្កុ​ត និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា នៅ​ចំពោះមុខ​បេក្ខជន ។

​ដោយឡែក​ក្នុង​ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅរបង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​វិញ​គេ​ឃើញ​មានការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​និង​កិច្ចការពារ​សុ​វត្តិភាព​ក៏ត្រូវ​បាន​រឹង​បន្តឹង​ផងដែរ​។​បេក្ខជន​គ្រប់គ្នា​បានមក​កាន់​មណ្ឌល​ប្រឡង​តាំងតែ​ពី​ព្រឹក​ព្រលឹម​ជាមួយ​ការត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចូលរួម​ប្រឡង​ដ៏​សំខាន់​នៃ​ជីវិត​របស់​ពួកគេ​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា​៖ វិញ្ញាសា​ទាំងអស់​ត្រូវបាន​ជ្រើសរើស តាក់តែង រៀបចំ និង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ វិញ្ញាសា​ប្រឡង​ត្រូវ​បានកំណត់​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ទម្រង់​វិញ្ញាសា ត្រូវបាន​រៀបចំ​ជា​ពីរ គឺ​ទម្រង់​វិញ្ញាសា​ចម្លង​ដាក់​លើ​ក្តារខៀន និង​ទម្រង់​វិញ្ញាសា​ដា សន្លឹក​ក្រដាស​ចែកជូន​បេក្ខជន​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៥ ធ្នូ ២០២២ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ១២៨ ១៣៤​នាក់ ស្រី ៦៨ ៧៧១​នាក់ មណ្ឌល​ប្រឡង​សរុប ២២១​មណ្ឌល ត្រូវជា ៥ ១៧៤​បន្ទប់ និង​មានការ​ចូលរួម​ដោយ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា​ក្នុង​ដំណើរ​នោះ​ប្រឡង​សរុប​ចំនួន ២៧ ៧៥៣​នាក់ ។ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ផ្សេងទៀត ព្រមទាំង​មាន​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close