ក្រសួងសុខាភិបាល ពង្រឹងការងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ដើម្បីបន្តពង្រឹង ការងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សុខាភិបាល និងត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈសុខាភិបាលនីមួយៗ និងច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ សុខាភិបាលឱ្យបានហ្មត់ចត់ ក្រសួងតែងតែធ្វើការណែនាំ ក្រើនរំលឹក និងបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ជូនដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ មានដូចជា ក្នុងពេលថ្មីៗនេះ មានចេញផ្សាយនូវសេចក្ដីណែនាំស្តីពីការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ ព្រមទាំងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងច្បាប់ស្ដីពីការរំលូតកូន ជាដើម។ លើសពីនេះ គណៈវិជ្ជាជីវៈវិស័យសុខាភិបាល មានដូចជា គណៈគ្រូពេទ្យ គណៈឆ្មប គណៈឱសថការី គណៈទន្តពេទ្យ និងគណៈគិលានុ- បដ្ឋាក បាននិងកំពុងធ្វើកិច្ចការពង្រឹងការអនុវត្ត និងការប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលទៅតាមជំនាញរៀងៗខ្លួន។
ដោយសង្កេតឃើញថា ការគ្រប់គ្រងនិងការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនមួយចំនួនតូច មានលេចចេញជាបាតុភាពជាបន្តបន្ទាប់ ក្រសួងសុខាភិបាលសូមធ្វើការណែនាំក្រើនរំលឹកដល់អ្នកគ្រប់គ្រង និងអ្នកប្រកប វិជ្ជាជីវៈវិស័យសុខាភិបាលឯកជនទាំងអស់សាជាថ្មីម្តងទៀតថា មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ មានដូចជា បន្ទប់- ពិគ្រោះថែទាំជំងឺ មន្ទីរព្យាបាលជំងឺ ជាពិសេស មន្ទីរពហុព្យាបាល និងមន្ទីរសម្ភព-រោគស្ត្រី។ល។
ចាំបាច់ត្រូវខិតខំគ្រប់គ្រង ដំណើរការរបស់ខ្លួនឱ្យបានល្អប្រសើរត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុខាភិបាល ត្រូវតែគោរពអនុវត្តតាមតួនាទី ភារកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈរៀងៗខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន។ អ្នកដែលប្រព្រឹត្តខុសឆ្គងពីវិជ្ជាជីវៈ ឬ មានការធ្វេសប្រហែសលើការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ឬធ្វើឱ្យមានកំហុសបច្ចេកទេសធ្ងន់ណាមួយ បន្ថែមលើការដាក់វិន័យ នៃគណៈវិជ្ជាជីវៈនីមួយៗ និងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោសដែលមានចែង នៅក្នុងច្បាប់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។