ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឆ្នាំ​២០២២ លើក​ទី​២៧ មាន​អ្នកចូលរួម​ជិត​៨​ពាន់​នាក់ មកពី​៦៩​ប្រទេស ជុំវិញ​ពិភពលោក​នៅ​រមណីយដ្ឋាន​អង្គរ​

​សៀមរាប​៖ ព្រឹ​ត្ត​ការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឆ្នាំ​២០២២ លើក​ទី​២៧ បានចាប់ផ្តើម​សាជាថ្មី​នៅលើ​ទឹកដី​អង្គរ នា​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២២ ដែលមាន​អ្នកចូលរួម​ជា​ជនជាតិខ្មែរ និង​បរទេស​ជាច្រើន​ប្រមាណ​ជិត​៨​ពាន់​នាក់ មកពី​៦៩​ប្រទេស ជុំវិញ​ពិភពលោក​។

​អញ្ជើញ​ចូលរួម ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ តំណាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម អ៉ឹ​ង គឹម​លាង អភិបាលរង​ខេត្តសៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​សូម​បញ្ជាក់ដែរថា ការរត់​ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នេះ ត្រូវបាន​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​សំខាន់ ក្រៅពី​ការ​បំផុស​កីឡា​នេះ​ដល់​ប្រជាពលរដ្ឋ​លេង​កីឡា​ដើម្បី​សុខភាព និង​រួមចំណែក​វិស័យ​ទេសចរណ៍ រួមទាំង​ផ្សព្វផ្សាយ​តំបន់​បេតិកភណ្ឌ​ពិភពលោក មាន​ប្រាង្គ​ប្រាសាទ​នៃ​តំបន់​អង្គរ ក៏​ដើម្បី​ផ្សារភ្ជាប់​មនុស្សធម៌​ដោយ​ការស្វែងរក​មូលនិធិ​កាកបាទក្រហម មន្ទីរពេទ្យ​គន្ធបុប្ផា អង្គការ​សប្បុរស​ជាតិ និង​អន្តរជាតិ​នានា​នៅ​កម្ពុជា​។ ម្យ៉ាងទៀត ក៏​ដើម្បី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា ឆ្នាំ​២០២៣​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close