១០​ខែ ឆ្នាំនេះ​! ខេត្តសៀមរាប ទទួលបាន​ទេសចរ​ស​រុ​ប ១.៧៩​លាន​នាក់​

​សៀមរាប​៖ ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០២២ (​មករា​-​តុលា​) នៅ​ទូទាំង​ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជាង​១.៧៩​លាន​នាក់ កើនឡើង​ជាង​៨៨៦​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។

​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​របស់​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល នៅ​ខេត្តសៀមរាប កាលពី​សប្តាហ៍​កន្លងទៅ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា «​រយៈពេល​១០​ខែ​ឆ្នាំ​២០២២ ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប​ចំនួន​១,៧៩២,៥៤៩​នាក់ កើនឡើង​៨៨៦.៣៣៥% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១»​។​

​ឯកឧត្ដម​បាន​បន្តថា ក្នុងចំណោម​ទេសចរ​ស​រុ​ប​ទាំង​១,៧៩២,៥៤៩​នាក់​នោះ មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន​១,៦២៣,២០០​នាក់ កើនឡើង​៨៣០.៤៥% និង​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១៦៩,៣៤៩​នាក់ កើនឡើង​២២២៤.៣០%​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ថែមថា តាម​ការព្យាករណ៍​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​២០២២​នេះ ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​នឹង​ឡើងដល់​ចំនួន​ជាង​២.២៧​លាន​នាក់ កើនឡើង​ជាង​៣២៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ក្នុងនោះ​ទេសចរ​ជាតិ​អាច​នឹង​ឡើងដល់​ប្រមាណ​ជាង​២​លាន​នាក់ ក្នុង​កំណើន​ជាង​២៩១% ហើយ​ទេសចរ​អន្តរជាតិ​នឹង​ឡើងដល់​ជាង​២៣​ម៉ឺន​នាក់ ក្នុង​កំណើន​ជាង​១៧៦៣%​។​

​គួរ​ជម្រាប​ថា រយៈពេល​១០​ខែ ឆ្នាំ​២០២២ ដូចគ្នានេះ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​១.៥៧​លាន​នាក់ កើនឡើង​៩៩១% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។ រីឯ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ធ្វើដំណើរ​កម្សាន្ត​ក្នុងប្រទេស​ជាង​១០.៨៦​លាន​នាក់ កើនឡើង​២៣៤% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។​

​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន កម្ពុជា​រំពឹងថា​នឹង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបាន​ប្រមាណ​ជាង​២​លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង​ប្រមាណ​១១​លាន​នាក់ នៅ​ឆ្នាំ​២០២២​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close