ក្រោយ​ផ្ទុះ​ភ្នំភ្លើង​សេ​មេ​រូ នៅ​ឥណ្ឌូណេស៊ី ប្រកាសអាសន្ន​ឡើងដល់​កម្រិត​ខ្ពស់បំផុត

​ហ្សា​ការ​តា ៖ អាជ្ញាធរ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ជម្លៀស​មនុស្ស​ខ្ទង់ ២០០០​នាក់ ទៅកាន់​កន្លែង​សុវត្ថិភាព ហើយ​ការប្រកាសអាសន្ន​ត្រូវបាន​ដំឡើង​ដល់​កម្រិត​ខ្ពស់បំផុត ក្រោយពេល​ភ្នំភ្លើង​សេ​មេ​រូ (Semeru) ភាគ​ខាងកើត​នៃ​កោះ​ជ្វា​បាន​ផ្ទុះឡើង កាលពី​ថ្ងៃអាទិត្យ​ទី​៤ ខែធ្នូ ឆ្នាំ​២០២២ ។

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី BNPB បាន​ប្រាប់ថា មនុស្ស​ចំនួន​១៩៧៩​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​ជ្រកកោន​សុវត្ថិភាព​ចំនួន ១១​កន្លែង ហើយ​អាជ្ញាធរ​ក៏បាន​ចែក​ម៉ាស​ការពារ​ដល់​ប្រជាជន​ផងដែរ ខណៈ​កិច្ចប្រឹងប្រែង​ជួយ សង្គ្រោះ រុករក និង​ជម្លៀស​កំពុងតែបន្ត​ប្រព្រឹត្តទៅ​។​

​យ៉ាងណាក៏ដោយ ពុំទាន់​មាន​សេចក្តីរាយការណ៍ អំពី​មនុស្ស​រងគ្រោះថ្នាក់​ស្លាប់ និង​របួស នៅឡើយ​ទេ​។ ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បានឱ្យដឹងថា ការធ្វើដំណើរ​តាមផ្លូវ​អាកាស គឺ​មិនមាន​រង​ការប៉ះពាល់​ឡើយ ប៉ុន្តែ​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ជានិច្ច​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close