នាវា​រុស្ស៊ី ផ្ទុក​កាំជ្រួច​មី​ស៊ី​ល Kalibr ជាង ១00 គ្រាប់ ល្បាត​នៅ​ដែនសមុទ្រ​

​អ៊ុយ​ក្រែ​ន​អះអាងថា ខ្លួន​បាន ឃើញ​នាវា​មី​ស៊ី​ល​រុស្ស៊ី​ចំនួន ៩​គ្រឿង ដែល​ផ្ទុក​មី​ស៊ី​ល​ប្រភេទ Kalibrs ជាង ១00 ដែល​កំពុង​ប្រតិបត្តិការ​នៅ​សមុទ្រ​ខ្មៅ និង​មេ​ឌី​ទែ​រ៉ា​ណេ ចំពេល​មាន​អរិភាព​ដ៏​ខ្លាំងក្លា​។​

​នៅ​សេចក្តីជូនដំណឹង​របស់​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​ដែល​បញ្ជាក់ថា ខ្លួន​បាន​រកឃើញ​នាវា​យោធា​រុស្ស៊ី​ចំនួន ២១ គ្រឿង​ដែល​កំពុង​ប្រតិបត្តិការ​នៅ​សមុទ្រ​ខ្មៅ ក្នុងនោះ​នាវា​មី​ស៊ី​ល​ចំនួន ៤ គ្រឿង​បាន​ផ្ទុក​កាំជ្រួច​មី​ស៊ី​ល Kalibr ចំនួន ២៤ ដើម​។ កង​នាវាចរ​អ៊ុយ​ក្រែ​ន​បាន​បង្ហើប​ថា “​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មាន​នាវា​សត្រូវ​ចំនួន ៩ គ្រឿង ក្នុងនោះ​មាន ៥ គ្រឿង​បំពាក់​មី​ស៊ី​ល Kalibr សរុប​ចំនួន ៧៦ គ្រាប់​” ។​

​យោងតាម​ប្រភព PravdaUkraine រុស្ស៊ី​ក៏​កំពុង​រក្សា​នាវាចម្បាំង​ពីរ​គ្រឿង​នៅក្នុង​សមុទ្រ Azov ហើយ​បន្ត​គ្រប់គ្រង​ទំនាក់ទំនង​យ៉ាង​ពេញលេញ​នៅក្នុង​តំបន់​។ មី​សីល​Kalibr ជា​គំរូ​កាំជ្រួច​សំខាន់​ដែល​កងទ័ពជើងទឹក​រុស្ស៊ី​ប្រើ​ក្នុងអំឡុង​យុទ្ធនាការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​។ ព័ត៌មាន​អំពី​នាវាចម្បាំង​រុស្ស៊ី​ផ្ទុក​មី​ស៊ី​ល Kalibr ដែល​កំពុង​ប្រតិបត្តិការ​នៅ​សមុទ្រ​ខ្មៅ និង​មេ​ឌី​ទែ​រ៉ា​ណេ​កើតឡើង​ក្នុង​បរិបទ​នៃ​ជំនឿ​របស់​បស្ចិមប្រទេស​នាពេល​ថ្មីៗ​នេះ ដែលថា​ទីក្រុង​ម៉ូស្គូ​ខ្វះ​មី​ស៊ី​ល និង​គ្រាប់រំសេវ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ រុស្ស៊ី​បាននិងកំពុង​ឈាន​ទៅមុខ​បន្តិច​ម្តងៗ​នៅលើ​រណសិរ្ស​បូព៌ា ហើយ​បាន​ដកខ្លួន​ចេញពី​ផ្នែក​មួយ​នៃ​ខេត្ត Kherson ប្រឈមមុខ​នឹង​សម្ពាធ​ប្រឆាំង​ការវាយប្រហារ​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​នៅតែ​រក្សា​ភាព​ញឹកញាប់​នៃ​ការវាយប្រហារ​តាម​អាកាស​ទៅលើ​គោលដៅ​នានា​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close