ក្រសួងសាធារណការដាក់ឱ្យដំណើរការច្រក ANPR ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគិតលុយពេលធ្វើដំណើរតាមផ្លូវល្បឿនលឿន
ដើម្បីជាការអបអរសាទរបុណ្យសមុទ្រ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញចូលផ្លូវល្បឿនលឿន តាមគន្លងអាទិភាព <ANPR> ថ្មី ដោយគ្រាន់តែបញ្ចូលប្រាក់តាមផ្លាកលេខជាមុន (Plate No. Top-up) មិនចាំបាច់យកកាតចេញចូល មិនចាំបាច់រង់ចាំបង់ប្រាក់នៅច្រកចេញ មិនចាំបាច់ដំឡើងឧបករណ៍បន្ថែមក្នុងរថយន្ត ឡើយ។
បើតាមការបញ្ជាក់របស់ ក្រសួងសាធារណការ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានគន្លង ៣ប្រភេទ សម្រាប់ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរចេញ-ចូលផ្លូវល្បឿនលឿន៖
* គន្លង MTC ( ) តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។
** គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍OBUនៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខមុននឹងប្រើប្រាស់។
*** គន្លង ANPR ថ្មី ជាច្រក អាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។
លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។
ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។
បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និង លីហួរវេរលុយ (LyHour PayPro)។ សូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។
លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។