World Bank​ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្នុងរង្វង់៤,៨ភាគរយ

ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះ ក្នុងរង្វង់ ៤,៨ភាគរយ ដោយគាំទ្រដោយកំណើននៃការនាំចេញ ​ផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកង់ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ​ក្រោមចំណងជើងថា Navigating Global Economic Headwinds ​ចេញផ្សាយនៅថ្ងៃទី៧ ​ខែវិច្ឆិកានេះ ​ធនាគារពិភពលោក លើកឡើងថា ការព្យាករ​កំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់ ៤,៨ ​ភាគរយក្នុងឆ្នាំ ២០២២ ដោយផ្អែកលើការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។

ធនាគារពិភពលោក ​បន្តលើកឡើងថា ​ការកើនឡើងនៃការនាំចេញ-ជាពិសេសសម្លៀកបំពាក់ ស្បែក​ជើងទំនិញធ្វើដំណើរ ​និងការផលិតកង់ ​ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និង​ការវិលត្រលប់មកវិញនៃលំហូរ ​វិនិយោគដោយផ្ទាល់បរទេស បានជួយទ្រទ្រង់ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចនៅឆ្នាំនេះ។

ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រ​ដោយ​ការ​ស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ​ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និង​អតិផរណាធ្លាក់ចុះ​ រួមជាមួយនឹងការចំណាយរប​ស់រាជរដ្ឋាភិបាល​ក្នុងអំឡុងពេលបោះឆ្នោត ការ​ព្យាករ​កំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣​ ត្រូវបានបន្ទាបមកត្រឹម​ ៥,២ ​ភាគរយដោយសារតែ ទស្សនវិស័យ​សកល​មិនសូវអំណោយផល។

ក្នុងរយៈពេលខ្លី សមតុល្យសារពើពន្ធ​ត្រូវបានព្យាករថា នឹងបន្តធ្វើឱ្យមាន​លក្ខណៈធម្មតាឡើងវិញ បន្ទាប់​ពី​កំណើនដ៏រឹងមាំ​ និងការគ្រប់គ្រងប្រាក់​ចំណូល​កាន់​តែប្រសើរឡើង។

របាយការណ៍ ដដែល​ លើកឡើងថា អតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៤,២ ភាគរយ និង៣​,៨ ភាគរយនៅឆ្នាំ២០២៣ ​និ២០២៤ រៀងគ្នា ​ខណៈភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់​ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបាន​ព្យាករ​ និង​អតិផរណាកម្រិតមធ្យម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close