ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាល «ដើមអង្គ្រង» បន្ទាប់ពីការធ្វេសប្រហែសធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទមន្ទីរសំរាកព្យាបាល «ដើមអង្គ្រង» ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមតាមសេចក្តីសម្រេចដែលចេញផ្សាយរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ។
ក្រសួងសុខាភិបាលបានសម្រេចថា «បិទ និងដកហូតលិខិតអនុញ្ញាតឲ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្តី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេង គ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដើមអង្គ្រង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា ការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រងនេះ ធ្វើឡើងបន្ទាប់ពីការធ្វេសប្រហែស ដោយបានធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ក្នុងផ្ទៃមានអាយុ១៨សប្ដាហ៍ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។