ប្រតិភូអន្តរជាតិជាង ១៣០នាក់ នឹងចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេ នាខែធ្នូនេះ
ព្រះសីហនុ៖ ប្រតិភូអន្តរជាតិរហូតដល់ជាង១៣០នាក់ មកពី២១ប្រទេសជុំវិញពិភពលោកបាននិងកំពុងធ្វើដំណើរចូលមកកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
របាយការណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗទាំង២ខាងលើ ដែលធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (តាមវីដេអូzoom) ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ផ្ទាល់) ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
នាឱកាសនោះ ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានរាយការណ៍ថា គិតត្រឹមថ្ងៃទី៧ ខែធ្នូនេះ ប្រតិភូអន្តរជាតិដែលបញ្ជាក់ (Confirmed) ពីការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ គឺកើនឡើងរហូតដល់ជាង១៣០នាក់ហើយ។
ឯកឧត្តម ជុក ជំនោរ បានបន្តថា ប្រតិភូអន្តរជាតិទាំងនោះគឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។ ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។
ឯកឧត្តម ជុក ជំនោរ បានបន្តទៀតថា «ការណ៍ដែលមានប្រតិភូអន្តរជាតិចូលរួមច្រើនយ៉ាងដូច្នេះ ដោយសារថ្នាក់ដឹកនាំនិងប្រតិភូតំណាងឆ្នេរសមុទ្រទាំងនោះមើលឃើញពីការខិតខំរៀបចំរបស់កម្ពុជា បូករួមទាំងស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល និងគ្រប់គ្រងបានយ៉ាងច្បាស់លាស់»។
កម្ពុជាក៏គ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើទៅកាន់គោលដៅទីក្រុងនៅភ្នំពេញនិងព្រះសីហនុ គោលដៅឆ្នេរសមុទ្រ បណ្ដាកោះល្បីៗ សហគមន៍អេកូទេសចរណ៍ពាមក្រសោបនៅខេត្តកោះកុង ព្រមទាំងសកម្មភាពជាច្រើនទៀត, នេះបើតាមការបន្ថែមរបស់ឯកឧត្តម ជុក ជំនោរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «នៅខេត្តតំបន់ឆ្នេរ គឺជាគោលដៅស័ក្តិសមបំផុតសម្រាប់ទទួលវត្តមានភ្ញៀវទេសចរនៅរដូវក្ដៅនេះ ខណៈកម្ពុជាក៏បានរៀបចំសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ កោះ ហេដ្ឋារចនាសម្ពន្ធក្នុងក្រុង ផ្លូវល្បឿនលឿន និងសេវាកម្មទេសចរណ៍នានារួចជាស្រេចក្នុងការស្វាគមន៍វត្តមានភ្ញៀវទេសចរទាំងនោះ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការផ្សារភ្ជាប់សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ គឺរឹតតែពិសេសសម្រាប់ការបង្ហាញទៅកាន់ភ្ញៀវអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរក្រៅស្រុកឱ្យបានឃើញពីផលិតផលទេសចរណ៍នៅខេត្តតំបន់ឆ្នេរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កាលណាកម្ពុជារៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក គឺមានសមាជិក និងប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរបានមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តមអភិបាលខេត្ត គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការដែលពាក់ព័ន្ធ គឺបានបង្ហាពីការសហការរៀបចំកិច្ចការងារទាំងឡាយក្នុងការប្រារព្ធពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក។ ឯកឧត្តមថា ការងារទាំងឡាយភាគច្រើនគឺរៀបចំបានច្រើនណាស់ហើយ នៅសល់តែកិច្ចការតិចតួចប៉ុណ្ណោះដែលត្រូវបន្តរៀបចំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ការពារសុវត្ថិភាពដល់ថា្នក់ដឹកនាំ គណៈអធិបតី ប្រតិភូជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំង២នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។