គណៈមេធាវី ផ្តល់​វិភាគទាន​ជាង ១​ម៉ឺន​ដុល្លារ ចូលរួម​ក្នុង​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”

​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​វិភាគទាន​ពី ឯកឧត្ដម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី នូវ​ថវិកា​ចំនួន ១១.៦០៣ ដុល្លារ​អាមេរិក និង ៣,១​លាន​រៀល ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​បោសសម្អាត​មីន និង​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ តាមរយៈ​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”​។​

​ឯកឧត្ដម ទេសរដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សប្បុរស​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូលរួម​ដល់​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់​ដី​មាន​សុវត្ថិភាព និង​កាត់បន្ថយ​ការគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ជាពិសេស​ចូលរួម​ជួយ​លប់បំបាត់​គ្រាប់មីន​ឲ្យ​អស់ពី​កម្ពុជា​ត្រឹម​ឆ្នាំ​២០២៥ ស្របតាម​អំពាវនាវរ​បស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានចាត់ទុក​វិភាគទាន​នេះ គឺជា​ការរួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក៏ដូចជា​ការលប់បំបាត់​ភាពភ័យខ្លាច​របស់​ប្រជាជន​ដែល​កំពុង​បន្ត​រស់​នៅលើ​តំបន់​សង្ស័យ​មាន​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close