ក្រុមហ៊ុនអាកាសចរ Air Asia គ្រោងចាប់ផ្តើមដំណើរការជើងហោះហើរ នៅកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខនេះ
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជួប ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរ Air Asia លើការបង្កើតក្រុមហ៊ុនអាកាសចរ Air Asia នៅកម្ពុជា អោយឈ្មោះថា Air Asia Cambodia ដែលនឹងធ្វើពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនាស្អែកនេះ។
កម្ពុជាជាប្រទេសទី៥ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខ
នេះ។
ក្រុមហ៊ុនមានគម្រោងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបាន ៣-៤លាននាក់/ឆ្នាំ តាមក្រុមហ៊ុនរបស់ខ្លួន ដោយជំហានដំបូង គ្រោងដាក់ដំណើរការយន្តហោះចំនួន០៤គ្រឿង ដែលជាប្រភេទ Boeing A321 ដោយតភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន, ចិន និងឥណ្ឌា និងគោលដៅក្នុងស្រុកពីរាជធានីភ្នំពេញ-សៀមរាប
-ខេត្តព្រះសីហនុ។
ក្រសួងទេសចរណ៍សង្ឃឹមថា ការវិនិយោគរបស់ក្រុមហ៊ុន Air Asia នឹងនាំមកនូវទេសចរបន្ថែមទៀតមកទស្សនាកម្ពុជា ពិសេសបានចូលរួមផ្សព្វផ្សាយពីគោលដៅរបស់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។