សប្ដាហ៍ចុងនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៥៥ម៉ឺននាក់
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តកំពង់ឆ្នាំង ២០៩,៦៨០នាក់
* ខេត្តព្រះសីហនុ ១៤៦,៤៣៩នាក់
* ខេត្តសៀមរាប ៤៥,៥៥៦នាក់
* រាជធានីភ្នំពេញ ២៩,០៨៧នាក់
* ខេត្តកំពត ២២,២៤២នាក់
* ខេត្តបាត់ដំបង ១៥,៣១៥នាក់
* ខេត្តកែប ១៥,១៨៣នាក់
* ខេត្តកំពង់ចាម ១១,៥១៣នាក់។
នាសប្តាហ៍កន្លងមក រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៌និងបាញ់កាំជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀទេសចរ និងប្រពលរដ្ឋប្រមាណ២០ម៉ឺននាក់ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក។
ដោយឡែក ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ (Angkor International Half Marathon) លើកទី២៧ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ ២០២២ ដោយមានអ្នកចូលរួមជិត៨ពាន់នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី៦៩ប្រទេស។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។
គួរជម្រាបថា ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ហើយ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។