ទូទាំង​ពិភពលោក សត្វ​ត្រយង​ចង្កំ​ក​-​ស មាន​ប្រមាណ​ជាង ១០០០​ក្បាល ក្នុងនោះ​កម្ពុជា មាន ៧៥៤​ក្បាល​

​កម្ពុជា​នៅតែ​ជាទី​ជម្រក​ដ៏​រឹងមាំ​របស់​សត្វ​ត្រយង​ចង្កំ​កស​ដោយសារតែ​កម្ពុ​ជាមាន​សត្វ​ត្រយង​ចង្កំ​កស​ច្រើនជាងគេ​លើ​ពិភពលោក​។ ទូទាំង​ពិភពលោក ត្រូវបាន​ប៉ាន់​ស្មានថា មាន​សត្វ​ត្រយង​ចង្កំ​កស​ប្រមាណ​ជាង​១០០០​ក្បាល ក្នុងនោះ​កម្ពុ​ជាមាន​ចំនួន ៧៥៤​ក្បាល​ ​យោងតាម​លួ្ធ​ផល​ជម្រឿន​សត្វ​ត្រយង​ចង្កំ​កស​ចុងក្រោយ​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០២១ ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ រួមមាន អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife / BirdLife in Cambodia) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF) មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​(ACCB) និង ក្រុមហ៊ុន Rising Phoenix លទ្ធផល​បង្ហាញថា​សត្វ​ត្រយង​ចង្កំ​កសមាន​ចំនួន​ដល់​ទៅ ៧៥៤​ក្បាល​។ នេះ​ជាស​ញ្ញា​វិជ្ជមាន នឹង​បង្ហាញ​ពី​ការកើនឡើង​បន្តិច​ម្តងៗ​នៃ​ចំនួន​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​មួយ​នេះ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងបរិស្ថាន អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ ដែល​សហការ និង​ចូលរួម​ការងារ​អភិរក្ស​សត្វ​ស្លាប​ប្រភេទ​នេះ​។

​សត្វ​ត្រយង​ចង្កំ​ក​សគឺ ជា​អំប្បូរ​សត្វ​ស្លាប​ត្រយង​មួយ​ដែល​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅក្នុង​បញ្ជី​ក្រហម​IUCN​។ សត្វ​ប្រភេទ​នេះ​មាន​ដើមកំណើត​នៅ​តំបន់​មួយចំនួន​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​។ ចំនួន​ប្រជាសាស្ត្រ​ប្រភេទ​សត្វ​នេះ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ចុង​សតវត្ស​ទី​២០​។ បច្ចុប្បន្ន ចំនួន ប្រជាសាស្ត្រ​សត្វ​ត្រយង ចង្កំ​កស​ទូទាំង ពិភពលោក ត្រូវបាន​ប៉ាន់​ស្មានថា មាន ប្រមាណ​ជាង​១០០០​ក្បា​ប៉ុណ្ណោះ ក្នុង នោះ​មាន​ប្រមាណ​ជាង ៦៧០​ក្បាល ជា​សត្វ​ពេញវ័យ​។

មកដល់ពេលនេះ ប្រទេស​កម្ពុជា​បានផ្តល់​ទីជម្រក​ដ៏​រឹងមាំ​សម្រាប់​សត្វ​ត្រយង​ចង្កំ​កស ដោយសារ​ប្រទេស​កម្ពុ​ជាមាន​វត្តមាន​ស​ត្វ​ប្រភេទ​នេះ​ច្រើនជាងគេ​នៅ​ទូទាំង​ពិភពលោក​។ សត្វ​ត្រយង​ចង្កំ​កស​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា មាន​វត្ត​មាននៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​លំផាត់ តំបន់​ទេសភាព​វាលទំនាប​ខាងកើត និង​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​នៃ​ដែនជម្រកសត្វព្រៃ​សំបូរ​។ ទោះជា​យ៉ាងណាក៏ដោយ​ក៏មាន​កត្តា​គំរាមកំហែង​ដោយ​ការបាត់បង់​ទីជម្រក ការកាប់​ដើមឈើ​ដែល​ពួកវា​កាច់​សម្បុក និង​ទ្រនំ ការបំពុល​ប្រភពទឹក និង​ការរំខាន​ដោយ​សកម្មភាព​មនុស្ស​ជាដើម​។

​ក្រសួងបរិស្ថាន បាននិងកំពុង​សហកា​រ​ជាមួយ​អង្គការ​ដៃគូ​ក្នុងការ​អភិរក្ស​សត្វ​ត្រយង​កម្ពុជា ដោយបាន​ចាប់​ផ្តើមធ្វើ​ជំរឿន​សត្វ​ត្រយង​ចង្កំ​កស​ជា​រៀងរាល់ឆ្នាំ​នៅ​ទីតាំង​សំខាន់ៗ​ចំនួន​បួន​ចាប់តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ​។ លទ្ធផល ជំរឿន ដំបូង មាន​សត្វ​ត្រយង​ចង្កំ​កស ចំនួន ៣១០ ក្បាល ប៉ុណ្ណោះ​។ តាមរយៈ​ការធ្វើជំរឿន​បួន​ឆ្នាំ​បន្ទាប់​ទៀត ចំនួន​សត្វ​នេះ​បាន​កើន​ឡើងដល់ ៩៧៣​ក្បាល ក្នុង​ឆ្នាំ​២០១៣​។ ប៉ុន្តែ ចំនួន​នេះ​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​មក​តិចជាង ៥០០​ក្បាល ក្នុង​កំឡុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ និង​បាន​កើន​មកវិញ​នៅ​ឆ្នាំ​២០២១ មាន​ចំនួន ៧៥៤ ក្បាល​។

សូម​ញ្ជា​ក់ថា តាមរយៈ​លទ្ធផល​ជំរឿន​ខាងលើ ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ត្រយង​ចង្កំ​កស ដោយ​កត់ត្រា​បាន​ចំនួន​សរុប ៣៧៣​ក្បាល​។ ដែនជម្រកសត្វព្រៃ​សំបូរ​ក្នុង​ខេត្តក្រចេះ ជាទី​តាំង​សំខាន់​បន្ទាប់​ដោយ​កត់ត្រា​បាន​ចំនួន ២៥២​ក្បាល​។ ដោយឡែក​នៅ​ដែនជម្រកសត្វព្រៃ​ផ្សេងទៀត​បានបង្ហាញ​ពី​លទ្ធផល​កើនឡើង​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close