សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ប្រាក់កម្ចី​ពី​កូរ៉េខាងត្បូង​ជិត ២​ពាន់​លាន​ដុល្លារ

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ប្រាក់កម្ចី​សរុប​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ពិធី​នេះ​នឹងធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ពិធី​ចុះ​ហេ​ត្ថ​លេខា​នេះ​មាន​ចំនួន​ពីរ​រួមមាន​៖

១-​ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ក្របខណ្ឌ ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២២-២០២៦ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក​។ ឯកសារ​នេះ ត្រូវ​ចុះហត្ថលេខា​រវាង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង ឯកឧត្តម​
​ប៉ាក ហឹ​ង​ឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា​។

២-​ការចុះហត្ថលេខា​លើ​គម្រោង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ទឹកប្រាក់​ចំនួន ៧០,០០០,០០០​ដុល្លារ​អាមេរិក និង​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​ចាស់​-​ជ្រោយចង្វារ​, ជ្រោយចង្វារ​-​អរិយ​ក្សត្រ​) ដែលមាន​ទឹកប្រាក់​ចំនួន ២៤៥,៩០៩,០០០​ដុល្លារ​អាមេរិក​។​

​គម្រោង​ទាំងពីរ​នេះ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​
​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Minnie CHEY ប្រធាន​មូលនិធិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច នៃ​ធនាគារ​នី​ហ័​រណ​អា​ហ័​រណ​កូរ៉េ​ប្រចាំ​កម្ពុជា​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​គូសបញ្ជាក់ ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នាពេលនេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ល្អ ដែលមាន​ស្រាប់​រវាង​ប្រជាជាតិ​ទាំងពីរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close